សៀមរាប៖ សមត្ថកិច្ច នាថ្ងៃទី២១ កក្កដា បានឃាត់ខ្លួនជនសង្ស័យ១នាក់ ដែលសកម្មក្នុងការឆបោកតាមរូបភាពផ្សព្វផ្សាយផ្តល់សេវាអ្នកបំរើតាមផ្ទះ ក្រោយទទួលបានពាក្យបណ្តឹងលើករណីនេះជាង៣០បណ្តឹង ដែលមានទំហំទឹកប្រាក់ប្រមាណជាង២ម៉ឺនដុល្លារ។ អ្នកជំនាញកំណត់បានថា ជនសង្ស័យរូបនេះបានធ្វើការឆបោកជនរងគ្រោះជាងរយនាក់ និងទំហំទឹកប្រាក់ប្រមាណជាង ១០ម៉ឺនដុល្លារតាំងពីឆ្នាំ២០២២មកម្លេះ។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បង្រ្កាប និងឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ឃ.ឡ អាយុ៣៨ឆ្នាំ ដែលជាម្ចាស់ផេកហ្វេសប៊ុក និង តេឡេក្រាម ឈ្មោះ«សេវាកម្មស្រ្តីមេផ្ទះ Easy-Maid» ដែលសកម្មក្នុងការឆបោកតាមរូបភាពផ្សព្វផ្សាយផ្តល់សេវាអ្នកបំរើតាមផ្ទះ។ ការឃាត់ខ្លួននេះ បន្ទាប់ពីបានទទួលពាក្យបណ្តឹងលើករណីនេះជាង៣០បណ្តឹង ដែលមានទំហំទឹកប្រាក់ប្រមាណជាង២ម៉ឺនដុល្លារ។
តាមចម្លើយជនសង្ស័យ បានសារភាពថា ខ្លួនពិតជាអ្នកផ្តើមគំនិតបង្កើតផេកនេះដើម្បីឆបោកប្រជាពលរដ្ឋពិតប្រាកដមែន ដោយបានធ្វើការផ្សព្វផ្សាយផ្ដល់សេវាកម្មអ្នកបំរើតាមផ្ទះដល់ក្រុមគ្រួសារដែលមានតម្រូវការអ្នកបម្រើតាមផ្ទះ ដោយតម្រូវឲ្យជនរងគ្រោះបង់ប្រាក់សេវាកម្មមុន ទើបបញ្ជូនបុគ្គលិកទៅធ្វើការនៅតាមផ្ទះតាមក្រោយ ដោយម្តងៗទទួលបានប្រាក់ចន្លោះ ៣០០ ទៅ ២,០០០ដុល្លារ។
លើសពីនេះជនសង្ស័យខាងលើក៍បានឆបោក ប្រជាពលរដ្ឋដែលរត់ម៉ូតូកង់បី ផាស់អាប់ អោយជួយទទួលប្រាក់តាមរយៈ QR ធនាគារជំនួសរូបគេ និងបានឱ្យពួកគាត់ផ្ទេរតាមរយៈភ្នាក់ងារផ្ទេរប្រាក់មកឱ្យគេវិញ។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋាន កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕