កែប៖ ក្រុមការងារបច្ចេកទេសអន្តរក្រសួង និងអាជ្ញាធរមានសមត្ថកិច្ច ដឹកនាំដោយក្រុមការងារបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងបោះបង្គោលនិយាមកា លើផ្ទៃសមុទ្រ ខេត្តកែប ដែលជាចំណុចចុងទី នៃគម្រោងព្រែកជីកហ្វូណនតេជោ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥។ នេះបើតាមការបញ្ជាក់លើគណនីហ្វេសប៊ុកផ្លូវការរបស់លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។
បើតាមលោក ផន រឹម គម្រោងផ្លូវទឹកដ៏សម្បើមនេះ ឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាលប្រវែង៥៤គ.ម ខេត្តតាកែវប្រវែង ៦០គ.ម ខេត្តកំពតប្រវែង ៤៣គ.ម និងខេត្តកែបប្រវែង១៧,៥ គ.ម ហើយត្រូវបានរចនាឡើងដើម្បីផ្ទុកនាវាដែលមានទម្ងន់រហូតដល់ ៣ ០០០ DWT។
ការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធគម្រោងនេះរួមមាន៖ ការងារស្តារទន្លេ, ការងារជីកប្រឡាយ, ការសាងសង់ស្ថានីយជលសាស្ត្រសន្ទះផ្លូវទឹក, ការសាងសង់ទំនប់ការពារច្រាំងទន្លេ, ការសាងសង់ជម្រាលជើងទេរ និងហេដ្ឋារចនាសម្ព័ន្ធជំនួយដល់វិស័យនាវាចរណ៍ផ្សេងៗទៀត។
អ្នកនាំពាក្យរូបនេះបញ្ជាក់ថា គម្រោងនេះនឹងបង្កើតបណ្តាញផ្លូវទឹកក្នុងស្រុកមួយដែលមានភាពសព្វជ្រុងជ្រោយ ព្រមទាំងចូលរួមបំពេញបន្ថែមនូវចន្លោះប្រហោងមួយចំនួននៅក្នុងប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជានាពេលបច្ចុប្បន្ន និងបង្កើនសុវត្ថិភាពនៃការដឹកជញ្ជូនតាមផ្លូវទឹកផងដែរ។
គួរបញ្ជាក់ថា ដំណើរការចុះពិនិត្យទីតាំង ប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីព្រែកជីកហ្វូណនតេជោ នឹងបញ្ចប់នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥។ ដោយនៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២៥នេះ ក្រុមការងារបានធ្វើសកម្មភាពនៅតំបន់ចុងទី ដោយបានចុះបោះបង្គោលនិយាមកាដំបូងលើផ្ទៃសមុទ្រ (ខេត្តកែប) បានដោយជោគជ័យ។ ក្រុមការងារនឹងបន្តបោះបន្ថែមទៀតតាមផែនការ និងតាមគោលដៅ ដែលបានគ្រោងទុកនៅលើផ្ទៃសមុទ្រ។
បច្ចុប្បន្ននេះក្រុមការងារបច្ចេកទេសបានចុះពិនិត្យទីតាំង ប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដី តាមបណ្តោយព្រែកជីកហ្វូណនតេជោបានដោយជោគជ័យតាមកំណាត់ ឆ្លងកាត់ភូមិសាស្ត្រខេត្តនីមួយៗ រួមមាន៖ កំណាត់ទី១ប្រវែងជាង២១គីឡូម៉ែត្រ ពីចំណុចដើមទី នៃតំបន់ព្រែកតាកែវ(ទន្លេមេគង្គ)-ព្រែកពោធិ៍(ទន្លេបាសាក់) ក្នុងភូមិស្រ្តាខេត្តកណ្តាលចំនួន ១៥៥បង្គោល។ កំណាត់ទី២ ពីចំណុចព្រែកតាហ៊ីង(ទន្លេបាសាក់) ខេត្តកណ្តាល រហូតដល់ព្រំប្រទល់ខេត្តតាកែវចំនួន ២៣២បង្គោល, ខេត្តតាកែវចំនួន ៥៥២បង្គោល, ខេត្តកំពតចំនួន ៨០១បង្គោល និងខេត្តកែបមានចំនួន១៨០បង្គោល ដោយសរុបទាំងអស់មានចំនួន១៩២០បង្គោល៕