ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ នាថ្ងៃទី២២ កក្កដា បានផ្តាំផ្ញើនិស្សិតជ័យលាភីអាហារូបករណ៍ទៅជប៉ុន ជួយផ្សាយពីភាពវិជ្ជមាននៅកម្ពុជា ដើម្បីទាញវិនិយោគ និងទេសចរណ៍មកកម្ពុជា ឲ្យកាន់តែច្រើនឡើង។ ការផ្តាំផ្ញើនេះ តាមរយៈជំនួបសំណេះសំណាលរវាងលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងនិស្សិតជ័យលាភីចំនួន ២៥នាក់ ដែលត្រៀមទៅសិក្សានៅប្រទេសជប៉ុននាពេលខាងមុខ។
កំឡុងពេលជំនួបសំណេះសំណាល លោក ហេង សួរ បានអបអរសាទរចំពោះនិស្សិតដែលទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុនទាំងអស់ និងបានផ្តាំផ្ញើឱ្យចូលរួមធ្វើការផ្សព្វផ្សាយពីភាពវិជ្ជមានរបស់កម្ពុជាលើឆាកអន្តរជាតិ ជាពិសេស សក្តានុពលវិជ្ជមានសម្រាប់ការវិនិយោគ និងសក្តានុពលទេសចរណ៍របស់កម្ពុជាលើឆាកអន្តរជាតិឱ្យបានទូលំទូលាយ ដើម្បីបង្កើនការទាក់ទាញទេសចរណ៍ និងការវិនិយោគបន្ថែមមកកាន់កម្ពុជាសំដៅលើកស្ទួយប្រយោជន៍សម្រាប់ប្រទេសជាតិ និងប្រជាជន។
លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ ដែលធ្លាប់ជានិសិ្សតឆ្នើមមួយរូបសិក្សានៅប្រទេសជប៉ុន ក៏បានចែករំលែកបទពិសោធក្នុងការសិក្សា និងការរស់នៅប្រទេសជប៉ុន ព្រមទាំងក្រើនរំលឹកដល់និស្សិតអាហារូបករណ៍ទាំងអស់ធ្វើយ៉ាងណាបង្កើត និងរក្សាទំនាក់ទំនងល្អជាមួយនិស្សិតអន្តរជាតិ និងចូលរួមជាមួយបងប្អូនខ្មែរនៅជប៉ុន ជាពិសេស ពលរដ្ឋដែលជាពលករខ្មែរដើម្បីបង្កើតបរិយាកាសរីករាយជាមួយគ្នា។
គួរបញ្ជាក់ថា និស្សិតជ័យលាភីអាហារូបករណ៍ទៅជប៉ុនចំនួន ២៥នាក់ ក្នុងនោះនិស្សិតស្រី១៣នាក់ ទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន ក្រោមគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស (JDS-2024 Scholarship) និង គម្រោងអាហារូបករណ៍រដ្ឋាភិបាលជប៉ុន (MEXT University Recommendation)៕