ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ បានប្រមូលទិញបន្លែជាង ៨ តោន ចេញពីសហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់នៅខេត្តតាកែវ ទៅផ្គត់ផ្គង់កងកម្លាំងជួរមុខនៅតំបន់ព្រំដែននៅខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រមូលទិញ និងដឹកបន្លែជាង ៨ តោន តាមរយៈរថយន្តក្រុមហ៊ុនវីរៈប៊ុនថាំចំនួន ២ គ្រឿង ពីសហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ នៅខេត្តតាកែវ ទៅផ្គត់ផ្គង់កងកម្លាំងជួរមុខនៅតំបន់ព្រំដែននៅខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។ ការផ្គត់ផ្គង់នេះ គឺជាជើងទីមួយនៃបន្លែដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រមូលទិញពីសហគមន៍ ដើម្បីយកទៅផ្គត់ផ្គង់កងកម្លាំងប្រចាំជួរមុខនៅតំបន់ព្រំដែនខេត្តទាំងពីរនេះ។
បើតាមក្រសួងកសិកម្ម ការធ្វើឡើងនេះ ក្រោមស្មារតី«ខ្មែរជួយខ្មែរ» ការផ្គត់ផ្គង់នេះនឹងផ្ដល់អាហារូបត្ថម្ភគុណភាពខ្ពស់ដល់បងប្អូនកងកម្លាំងជួរមុខដែលបានពលីជាច្រើនក្នុងបុព្វហេតុការពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដី។ បន្ថែមពីនេះ ការប្រមូលទិញក៏បានផ្ដល់ចំណូលបន្ថែមដល់បងប្អូនប្រជាកសិករ ទាំងក្នុងសហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ផ្ទាល់ និងទាំងនៅក្នុងតំបន់ជុំវិញថែមទៀត។
គូរបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងបន្តប្រមូលទិញ និងដឹកជញ្ជូនផ្គត់ផ្គង់បន្លែចំនួន ៧ តោនបន្ថែមទៀត នៅរសៀលថ្ងៃសុក្រ ទី២៥ កក្កដា ឆ្នាំ២០២៥៕