681 ezgif.com resize
Swift cc time

ជាង៥០ថ្ងៃ កម្លាំងចម្រុះចុះបង្ក្រាប និងបំផ្លាញ «ឧបករណ៍នេសាទ»ខុសច្បាប់ជាង ៤៣ គីឡូម៉ែត្រ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

កំពង់ធំ៖ រយៈពេលជាង៥០ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ក្នុងរដូវបិទនេសាទនេះ កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសហការជាមួយនឹងកម្លាំងចម្រុះ បង្ក្រាប និងបំផ្លាញចោលនូវឧបករណ៍នេសាទខុសច្បាប់ ដូចជារបាំងសាច់អួនខុសទំហំ និងប្រវែងកំណត់ និងរបាំស្បៃមុងដែលច្បាប់បានហាមឃាត់ដាច់ខាត បានប្រវែងប្រមាណជាង ៤៣ គីឡូម៉ែត្រ ព្រមទាំងឧបករណ៍នេសាទល្មើសច្បាប់មួយចំនួនទៀត ។

លោក សោម ស៊ុន អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានបញ្ជាក់ថា កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងបន្តប្តេជ្ញាចិត្តសហការជាមួយកងកម្លាំងចម្រុះ ធ្វើសកម្មភាពបង្ក្រាបឧបករណ៍នេសាទខុសច្បាប់ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ នៅក្នុងរដូវបិទនេសាទនេះ។ ទន្ទឹមនឹងនេះ បើទោះបី ជាក្រុមជនល្មើសមួយចំនួនតូច នៅតែបំពានលួចធ្វើសកម្មភាពប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ នៅតាមបណ្ដាកន្លែងមួយចំនួន ក្នុងព្រៃលិចទឹកនៅក្នុងភូមិសាស្ត្រស្មគ្រស្មាញ ដែលជាតំបន់ជម្រកត្រីពងកូនក៏ដោយ។

លោក សោម ស៊ុន ក៏បានប្តេជ្ញាគោរពយ៉ាងម៉ឺងម៉ាត់ បន្តសហការជាមួយកងកម្លាំងចម្រុះ ធ្វើសកម្មភាពបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ពិសេសក្នុងរដូវបិទនេសាទ ដែលជារដូវត្រីពងកូន នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ឲ្យទទួលបានជោគជ័យ ដើម្បីធ្វើឲ្យធនធានមច្ឆជាតិសម្បូរឡើងវិញ នឹងជាប្រយោជន៍សម្រាប់សង្គមជាតិ៕


Khcct banner

អត្ថបទទាក់ទង