ភ្នំពេញ៖ អាជ្ញាធរមីន នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ បានចុះអនុស្សារណៈយោគយល់គ្នាជាមួយសាកលវិទ្យាល័យលេនកាហ្សៀរ (University of Lancashire) នៃចក្រភពអង់គ្លេស ដើម្បីពង្រឹងភាពជាដៃគូរក្នុងការអភិវឌ្ឍបច្ចេកវិទ្យាថ្មីដ្រូនគ្មានមនុស្សបើក គាំទ្រដល់ការសិក្សាស្រាវជ្រាវ និងកិច្ចប្រតិបត្តិការសកម្មភាពមីន។
ការចុះអនុស្សារណៈនេះ បានផ្តោតសំខាន់លើការគាំទ្រគោលដៅរបស់ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ឆ្ពោះទៅរកកម្ពុជាគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក៏ដូចជាផ្តោតសំខាន់ លើការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដើម្បីជួយពន្លឿន បង្កើនសមត្ថភាព កាត់បន្ថយហានិភ័យ និងគាំទ្រក្នុងអំឡុងកិច្ចប្រតិបត្តិការសកម្មភាពមីន។
លោក លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងថា ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្រ្តី បានប្តេជ្ញាចិត្តឥតងាករេចំពោះសកម្មភាពមីន សន្តិភាព និងសន្តិសុខរបស់មនុស្សជាតិ។ កម្ពុជា បាននឹងកំពុងបន្តពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយប្រទេសជាមិត្ត ដៃគូអភវិឌ្ឍន៍ និងប្រតិបត្តករដោះមីន ដើម្បីបន្តឆ្ពោះទៅរកគោលដៅកម្ពុជាគ្មានមីន ជាក់ស្តែងថ្ងៃនេះ អាជ្ញាធរមីន ជាសេនាធិការឱ្យរាជរដ្ឋាភិបាល បានពង្រឹងភាពជាដៃគូថ្មី ក្នុងការស្រាវជ្រាវ និងប្រើប្រាស់បច្ចេកវិទ្យាដ្រូនគ្មានមនុស្សបើកជាមួយសាកលវិទ្យានៃចក្រភពអង្គគ្លេស គាំទ្រដល់វិស័យសកម្មភាពមីនផងដែរ។ ជាមួយគ្នានោះ លោកទេសរដ្ឋមន្រ្តី លើកទឹកចិត្តឱ្យសាកលវិទ្យាលេនកាហ្សៀនបន្តធ្វើការជាមួយកម្ពុជា មិនត្រឹមតែជាអ្នកស្រាវជ្រាវបង្កើតបច្ចេកវិទ្យាថ្មីប៉ុណ្ណោះទេ ប៉ុន្តែជាដៃគូដែលដើរទន្ទឹមគ្នាជាមួយកម្ពុជានៅលើផ្លូវទៅកាន់សន្តិភាព។
លោកសាស្រ្តាចារ្យ Darren Anzell បានបង្ហាញមោទនភាពក្នុងការចូលរួមចំណែកបណ្តុះបណ្តាលដល់សិក្ខាកាមកម្ពុជា លើការប្រើប្រាស់ដ្រូនគ្មានមនុស្សបើកដែលជាបច្ចេកវិទ្យាថ្មី សម្រាប់វិស័យសកម្មភាពមីននៅកម្ពុជា ក្រោមកិច្ចសហការជាមួយអាជ្ញាធរមីន ហើយលោកសង្ឃឹមថា ការប្រើប្រាស់បច្ចេកវិទ្យាថ្មីនេះ នឹងគាំទ្រដល់គោលដៅកម្ពុជាគ្មានមីនឆ្នាំ២០៣០៕