681 ezgif.com resize
Swift cc time

ក្រុមហ៊ុនផលិតគ្រឿងផ្គុំជប៉ុនល្បីមួយ គ្រោងបើកសម្ពោធរោងចក្រធំមួយទៀតនៅខេត្តពោធិ៍សាត់ នៅក្នុងខែធ្នូ ឆ្នាំ២០២៥

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្រុមហ៊ុន MinebeaMitsumi Inc. ជាក្រុមហ៊ុនផលិតគ្រឿងបង្គុំសៀគ្វីអេឡិចត្រូនិក គ្រឿងបន្លាស់យានយន្ត និងគ្រឿងម៉ាស៊ីនក្នុងវិស័យឧស្សាហកម្ម គ្រោងបើកសម្ពោធរោងចក្រធំមួយទៀតនៅខេត្តពោធិ៍សាត់ នៅក្នុងខែធ្នូ ឆ្នាំ២០២៥ និងបានបង្ហាញនូវផលិតផលចុងក្រោយរបស់ក្រុមហ៊ុន ដែលនឹងដាក់ឱ្យចរាចរណ៍នៅលើទីផ្សារអន្តរជាតិនៅឆ្នាំ២០២៦។ គម្រោងនេះត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងាររវាងសម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ជាមួយលោក YOSHIHISA Kainuma ប្រធាននិងជានាយកប្រតិបត្តិក្រុមហ៊ុន MinebeaMitsumi Inc. នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥។

លោក YOSHIHISA Kainuma បានលើកឡើងអំពីផលប៉ះពាល់នៃការបិទច្រកព្រំដែនរបស់ថៃចំពោះដំណើរការវិនិយោគរបស់ក្រុមហ៊ុនលោក ដូចជាផលលំបាកនៃការដឹកគ្រឿងផ្គុំនៃខ្សែច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុនរវាងប្រទេសទាំងពីរជាដើម។

ជាការឆ្លើយតប សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ពីគោលការណ៍នៃការស្វាគមន៍ចំពោះក្រុមហ៊ុនវិនិយោគ ដោយក្រុមហ៊ុនណាមកមុន នឹងទទួលបានការស្វាគមន៍មុន មិនថាជាក្រុមហ៊ុនតូច ឬធំនោះទេ។ សម្តេចបានលើកឡើងដោយចង្អុលបង្ហាញថា នៅកម្ពុជា កម្រឃើញមានការទាត់ចោល ឬលុបចោលក្រុមហ៊ុនដែលបានចូលមកដំណើរការនៅកម្ពុជា មិនថាតូចឬធំនោះទេ។ គោលការណ៍នេះបានបង្កទំនុកចិត្តដល់វិនិយោគិននានាចំពោះបរិយាកាសវិនិយោគនៅកម្ពុជា។

នៅក្នុងបរិបទនេះ សម្តេចបានសម្តែងនូវក្តីរីករាយដែលបានឃើញផលិតផលរបស់ក្រុមហ៊ុន ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយ “ផលិតនៅកម្ពុជា” (Made in Cambodia)។ សម្តេចបានលើកឡើងថា ការពង្រីករោងចក្រនៅខេត្តពោធិ៍សាត់ គឺជាទិសដៅល្អ ដោយហេតុថាមានហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការផ្គត់ផ្គង់អគ្គីសនីគ្រប់គ្រាន់។

បន្ថែមពីលើនេះ សម្តេចបានជម្រាបជូនអំពីឫសគល់ និងសកម្មភាពតាមអំពើចិត្តរបស់ថៃ ដែលធ្វើឱ្យមានភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ។ សម្តេចបានលើកឡើងអំពីការអំពាវនាវម្តងហើយម្តងទៀតទៅភាគីថៃថា កុំឱ្យបញ្ហានៅតំបន់ព្រំដែនមួយរីករាលដាលទៅតំបន់ផ្សេង និងពីវិស័យយោធា ទៅវិស័យសេដ្ឋកិច្ច សង្គម និងទេសចរណ៍។ ទោះជាយ៉ាងនេះក្តី ថៃមិនត្រឹមតែបានពង្រីកបញ្ហានេះនោះទេ និងថែមទាំងបានគំរាមកម្ពុជា ដូចជាបញ្ហាអគ្គិសនី អ៊ីនធឺណិត និងប្រេង ឧស្ម័ន និងថ្មីៗនេះ បញ្ហាការដើរជាន់មីនរបស់ទាហានថៃ។ នៅក្នុងន័យនេះ សម្តេចបានជម្រាបអំពីការប្រកាន់គោលជំហររួមរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី និងបានគូសបញ្ជាក់ដោយស្នើឱ្យក្រុមហ៊ុនពាំនាំទៅភាគីថៃ នូវជំហររបស់កម្ពុជា ចំពោះការបិទច្រកព្រំដែនជាឯកតោភាគីរបស់ថៃ ពោលគឺធ្វើយ៉ាងណាឱ្យស្ថានភាពវិលត្រឡប់ទៅរកមុនថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥។

ជាមួយគ្នានេះ សម្តេចបានលើកឡើងដោយក្តីសង្ឃឹមថា វាគួរមានដំណោះស្រាយអន្តរកាលមួយចំពោះតែក្រុមហ៊ុនបរទេសវិនិយោគឆ្លងដែន ដើម្បីជួយសម្រួលដល់ដំណើរខ្សែច្រវាក់ផ្គត់ផ្គង់ទៅមករបស់ក្រុមហ៊ុននៅក្នុងការវិនិយោគរបស់ខ្លួន៕


Khcct banner

អត្ថបទទាក់ទង