681 ezgif.com resize
Swift cc time

កម្ពុជា-កូរ៉េ ប្តេជ្ញារួមគ្នាជំរុញការកាត់បន្ថយ«ឧស្ម័នផ្ទះកញ្ចក់»តាមរយៈការវិនិយោគមធ្យោបាយដឹកជញ្ជូនអគ្គិសនី

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ កម្ពុជា និងកូរ៉េ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ បានប្តេជ្ញាចិត្តកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ជាមួយនឹងការវិនិយោគដំឡើងរោងចក្រផលិតម៉ូតូអគ្គិសនី និងការស្ថានីយសាកថ្មចល័តនៅកម្ពុជា។ ការប្រកាសនេះ ក្នុងពិធីកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ ក្រោមមាត្រាទី៦កិច្ចព្រមព្រៀងបារីស៌ ពីការប្រែប្រួលអាកាសធាតុ ដើម្បីកាត់បន្ថយការសាយភាយឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាស ជាកត្តាធ្វើកើនឡើងកំដៅជាសកល និងការប្រែប្រួលអាកាសធាតុ។

ក្នុងពិធីកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ រវាងលោកអ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោក Malle Fofana នាយកប្រចាំតំបន់អាស៊ីនៃវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល( GGGI) បានមានប្រសាសន៍ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងបរិស្ថាន ដែលបានគាំទ្រវិនិយោគិនកូរ៉េ និងកិច្ចសហការយ៉ាងល្អប្រសើរជាមួយនឹង GGGI ដើម្បីរួចចំណែកកាត់បន្ថយការសាយភាយឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាស ជាកត្តាធ្វើកើនឡើងកំដៅជាសកល និងការប្រែប្រួលអាកាសធាតុ។

លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងក្នុងពិធីកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ ថា ទោះបីជាមានភាពងាយរងគ្រោះ ខ្ពស់ចំពោះការប្រែប្រួលអាកាសធាតុក៏ដោយ ក៏ប្រទេសកម្ពុជានៅតែប្តេជ្ញាចិត្តកាត់បន្ថយឧស្ម័នកាបូនិច ដើម្បីធានានូវប្រសិទ្ធភាពនៃការប្រើប្រាស់ធនធានធម្មជាតិ ការលើកកម្ពស់គុណភាពជីវិតសម្រាប់ប្រជាជន ការរក្សាបាននូវលំនឹងជីវៈចម្រុះ និងបេតិកភណ្ឌធម្មជាតិដ៏សម្បូរបែប។

លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបន្តថា ការបណ្តាក់ទុនវិនិយោគដំឡើងរោងចក្រផលិតម៉ូតូអគ្គិសនី របស់សាធារណរដ្ឋកូរ៉េនាពេលនេះ គឺជាការវិនិយោគដែលបានគិតគូរ ពីបរិស្ថាន និងអាយុជីវិតរបស់យើងទាំងអស់គ្នា ដោយសារការសាយភាយឧស្ម័នផ្ទះកញ្ចក់គឺកើនចេញពីវិស័យធំៗចំនួន៥គឺ ថាមពល ឧស្សាហកម្ម កសិកម្ម ការគ្រប់គ្រងសំនល់ និងដឹកជញ្ជូន។

គួរបញ្ជាក់ថា កន្លងមក ក្រសួងបរិស្ថាន បានចុះអនុស្សារណៈយោគយល់គ្នាជាមួយ វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) និងក្រុមហ៊ុនកូរ៉េVery Words Inc.ក្នុងគោលបំណងលើកកម្ពស់ និងជំរុញការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនអគ្គិសនី និងគំនិតផ្តួចផ្តើមជាច្រើនទៀតក្នុងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងការលើកកម្ពស់គុណភាពបរិស្ថាននៅកម្ពុជា៕

Khcct banner

អត្ថបទទាក់ទង