681 ezgif.com resize
Swift cc time

កម្ពុជា-ចិន ឯកភាពគាំទ្រដឹកជញ្ជូនកសិផលកម្ពុជាទៅចិនតាមផ្លូវគោក និងរថភ្លើងល្បឿនលឿនឆ្លងកាត់ប្រទេសឡាវ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ)

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូខេត្តយូណាន បានឯកភាពគ្នាលើការគាំទ្រការដឹកជញ្ជូនកសិផលកម្ពុជាទៅកាន់ប្រទេសចិន តាមរយៈផ្លូវគោក និងរថភ្លើងល្បឿនលឿនឆ្លងកាត់ប្រទេសឡាវ។ ការឯកភាពនេះត្រូវបានធ្វើឡើងក្នុងកិច្ចពិភាក្សាការងាររវាងលោក ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយលោក Wang Xiangang អនុលេខានៃក្រុមថ្នាក់ដឹកនាំបក្ស និងគណៈប្រតិភូខេត្តយូណាន នៅទីស្តីការក្រសួងកសិកម្ម នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥។

លោក Wang Xiangang បានលើកឡើងថា នេះជាដំណើរទស្សនកិច្ចមកកាន់កម្ពុជាលើកទី១ មានគោលបំណងជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងកម្ពុជា និងខេត្តយូណាន។

ជាមួយគ្នានេះ លោក ប្រាក់ ដាវីដ បានគូសបញ្ជាក់ពីសមិទ្ធផលកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងកម្ពុជា និងចិន ជាពិសេសជាមួយខេត្តយូណាន និងបានគូសបញ្ជាក់ពីលទ្ធភាពពង្រីកកសិ-ពាណិជ្ជកម្ម និងការស្រាវជ្រាវលើវិស័យកសិកម្ម។ លោកបានស្នើគណៈប្រតិភូខេត្តយូណានកៀរគរវិនិយោគិនចិនពិនិត្យលទ្ធភាពវិនិយោគលើការកែច្នៃ និងនាំចេញកសិផលសក្តានុពលទៅកាន់ប្រទេសចិន និងទីផ្សារអន្តរជាតិ តាមរយៈក្របខណ្ឌភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) ពាណិជ្ជកម្មសេរីទ្វេភាគី និងក្របខណ្ឌច្រករបៀងមច្ឆា និងអង្ករជាដើម ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។

រដ្ឋលេខាធិការរូបនេះ ក៏បានស្នើគណៈប្រតិភូខេត្តយូណានគាំទ្រលើការដឹកជញ្ជូនកសិផលកម្ពុជាទៅកាន់ប្រទេសចិន តាមរយៈផ្លូវគោក និងរថភ្លើងល្បឿនលឿនឆ្លងកាត់ប្រទេសឡាវ។

ជាការឆ្លើយតប លោក Wang Xiangang បានបង្ហាញជំហរគាំទ្រ និងឯកភាពលើសំណើរបស់ក្រសួងកសិកម្ម ដែលនឹងអាចពង្រីកកសិ-ពាណិជ្ជកម្មរវាងកម្ពុជា និងខេត្តយូណានឱ្យកាន់តែរីកចម្រើន៕


Khcct banner

អត្ថបទទាក់ទង