មណ្ឌលគិរី៖ សមត្ថកិច្ចខេត្តមណ្ឌលគិរី នាថ្ងៃទី២១ ខែកក្កដា ម្សិលមិញ បានធ្វើការចុះបង្ក្រាបទីតាំងល្បែងអនឡាញខ្នាតធំមួយកន្លែង ឃាត់ខ្លួនមនុស្សសរុបចំនួន ១៤៩នាក់ ដែលមានទីតាំងស្ថិតនៅក្នុង ភូមិពូឆប ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សសរុបចំនួន ១៤៩នាក់ ក្នុងនោះមានស្រី ៣១នាក់ ស្មើនឹង ១៣សញ្ជាតិ ក្នុងនោះជនបរទេសមានចំនួន ១១៤នាក់ ស្រី ១៧នាក់ ស្មើនឹង ១៣សញ្ជាតិ។ ក្នុងចំណោមនោះ សញ្ជាតិ ប៉ាគីស្ថាន មានចំនួនច្រើនជាងគេ ដោយមាន៣៦នាក់ បន្ទាប់ឥណ្ឌូនេស៊ី ២៧នាក់, បង់ក្លាដេស ចំនួន ១៦នាក់, វៀតណាមចំនួន ៩នាក់, ឥណ្ឌាចំនួន ០៨នាក់, ថៃចំនួន ០៣នាក់, មីយ៉ាន់ម៉ា ចំនួន ០៣នាក់, កាមេរ៉ូន ចំនួន ០៣នាក់, នីហ្សេរីយ៉ា ចំនួន ០២នាក់, សេរ៉ាលីអូន ចំនួន ០២នាក់, យូហ្គាន់ដា ចំនួន ០៤នាក់, ចិន ០១នាក់។
វត្ថុតាំងដកហូតបានរួមមាន៖ កុំព្យូទ័រលើតុ ចំនួន ៥៤១ គ្រឿង, ទូរស័ព្ទដៃ ចំនួន ៧៨៨ គ្រឿង និងគ្រឿងបន្លាស់កុំព្យូទ័រ មួយចំនួនធំបន្ថែមទៀត។ ក្នុងនោះមានលិខិតឆ្លងដែនចំនួន ៣៣នាក់ គ្មានលិខិតឆ្លងដែនចំនួន ៨១នាក់ ព្រមទាំងជនជាតិខ្មែរសរុបចំនួន ៣៥នាក់ ស្រី ១៤នាក់ បំរើការងារជាអ្នកលក់ភេសជ្ជៈ សន្តិសុខ អ្នកអនាម័យ និងអ្នកថែសួន។ បច្ចុប្បន្នជនសង្ស័យរួម និងវត្ថុតាងទាំងអស់កំពុងត្រូវបានកម្លាំងសមត្ថកិច្ច នៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តមណ្ឌលគិរី ធ្វើការសាកសួរ និងបន្តនីតិវិធីច្បាប់៕