681 ezgif.com resize
Swift cc time

ប្រតិភូសាស្រ្តាចារ្យនៃសាកលវិទ្យាល័យតូក្យូមកទស្សនកិច្ចនៅកម្ពុជាដើម្បីស្វែងយល់ពីទិដ្ឋភាពទូទៅនៃប្រទេសកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា)

ភ្នំពេញ៖ ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមប្រឹក្សាងភិវឌ្ឍន៍កម្ពុជា(CDC) បានអនុញ្ញាតឱ្យជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ប្រតិភូសាស្រ្តាចារ្យមកពីប្រទេសជប៉ុន ក្នុងន័យស្វែងយល់បន្ថែមអំពីបច្ចុប្បន្នភាពនៃកម្ពុជាប្រតិភូសាស្រ្តាចារ្យមកពីប្រទេសជប៉ុន ដឹកនាំដោយលោកសាស្រ្តាចារ្យ KAWASHIMA Shin ទទួលបន្ទុកផ្នែកទំនាក់ទំនងអន្តរជាតិ នៃមហាវិទ្យាល័យសិល្បៈ និងវិទ្យាសាស្រ្ត នៃសាកលវិទ្យាល័យតូក្យូ ចូលជួបពិភាក្សាការងារ ក្នុងឱកាសនៃការបំពេញទស្សនកិច្ចនៅកម្ពុជា ក្រោមការសម្របសម្រួលពីសំណាក់លោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា។

ជំនួបនារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បី គោរពស្នើសុំការចែករំលែកពីលោក ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងពិភាក្សាផ្លាស់ប្តូរយោល់ក្នុងន័យស្វែងយល់បន្ថែមអំពី ទិដ្ឋភាពទូទៅនៃប្រទេសកម្ពុជានាពេលបច្ចុប្បន្ន, គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច, និងគោលនយោបាយការបរទេស និងទំនាក់ទំនងអន្តរជាតិរបស់កម្ពុជា។

លោក ស៊ុន ចាន់ថុល បានសម្តែងនូវការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់លោកសាស្ត្រាចារ្យ និងប្រតិភូសាស្រ្តាចារ្យអមដំណើរ ដើម្បីធ្វើការស្វែងយល់បន្ថែមអំពីតថភាពកម្ពុជានាពេលបច្ចុប្បន្ន។ លោកបានបញ្ជាក់ថា ជប៉ុនគឺជាមិត្តដ៏ល្អ និងជាដៃគូដ៏សំខាន់មួយ ដែលបានចូលរួមចំណែកធំធេងដល់ដំណើរស្វែងរកសន្តិភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា តាំងពីដើមរៀងមក។

ជាមួយគ្នានេះ លោក ស៊ុន ចាន់ថុល ក៏បានរំលេចអំពីគម្រោងនានាដែលទទួលបានជំនួយពីជប៉ុន រួមមាន៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, ការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធរំដោះទឹកកខ្វក់ និងការគ្រប់គ្រងកាកសំណល់, និងការលើកកម្ពស់សេវាសុខាភិបាល ជាដើម។

អនុប្រធានទី១នៃ ក.អ.ក រូបនេះ ក៏បានបញ្ជាក់ថា បច្ចុប្បន្នក្រោមការដឹកនាំប្រកបដោយទស្សនវិស័យវែងឆ្ងាយរបស់សម្តេច ហ៊ុន ម៉ាណែត, ក.អ.ក. បាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការបង្កើតបរិយាកាសអំណោយផលសម្រាប់ធុរកិច្ច និងវិនិយោគ សំដៅបង្កើនការវិនិយោគពីវិស័យឯកជន និងការវិនិយោគដោយផ្ទាល់ពីបរទេស (Foreign Direct Investment – FDI) ដើម្បីលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ និងបង្កើតការងារបន្ថែមជូនប្រជាពលរដ្ឋ៕



Khcct banner

អត្ថបទទាក់ទង