ភ្នំពេញ៖ ក្នុងរយៈពេល ២២ខែ ចាប់ពីខែសីហា ឆ្នាំ២០២៣ ដល់ខែមិថុនា ឆ្នាំ២០២៥ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ រោងចក្រសហគ្រាសនៅកម្ពុជាបានកើនឡើងចំនួន ៥ ៣៥៦ រោងចក្រ ពោលគឺកើនពី៤០ ៣០០ ដល់៤៥ ៦៥៦ រោងចក្រសហគ្រាស ស្មើនឹងកំណើន១៣,២៩%។ នេះជាការអះអាងរបស់លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោក ស៊ុន មេសា បានលើកឡើងថា ក្នុងនោះ រោងចក្រសហគ្រាសក្នុងវិស័យកាត់ដេរ បានកើនឡើងចំនួន ២១៦ រោងចក្រ ដោយបានកើនពី១ ៤៦៦ ដល់១ ៦៨២ រោងចក្រសហគ្រាស។ ដោយឡែកវិស័យក្រៅពីកាត់ដេរ មានកំណើនដល់ ៥ ១៤០រោងចក្រ ពោលគឺបានកើនពី ៣៨ ៨៣៤ ដល់ ៤៣ ៩៧៤ រោងចក្រសហគ្រាស ស្មើនឹង ១៣,២៤%។
ជាមួយកំណើនរោងចក្រសហគ្រាសប្រមាណជាង ៥,៣ពាន់នេះ បានធ្វើឱ្យកម្ពុជាមានតម្រូវការកម្លាំងពលកម្មប្រមាណ២៥ម៉ឺននាក់ជាពិសេសវិស័យឧស្សាហកម្ម។ កម្មករបានកើនដល់ ១,៨៩លាននាក់ ក្នុងនោះកម្មកនិយោជិតក្នុងវិស័យកាត់ដេរមានចំនួនជាង ៩៧ម៉ឺននាក់។
អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់ថា កំណើននេះគឺបង្ហាញពីភាពរឹងមាំនៃសេដ្ឋកិច្ចកម្ពុជា និងជំនឿទុកចិត្តពីវិនិយោគិនជាតិ ជាពិសេសវិនិយោគិនអន្តរជាតិមកលើរាជរដ្ឋាភិបាលសម្តេច ហ៊ុន ម៉ាណែត ហើយក្នុងនោះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាសេនាធិការ បាននិងកំពុងបន្តសម្របសម្រួល និងបង្កើតបរិយាកាសវិនិយោគដ៏ល្អជូនវិនិយោគិន រួមទាំងការបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់ប្រជាពលរដ្ឋឱ្យក្លាយជាកម្លាំងពលកម្មជំនាញដែលវិនិយោគិនកំពុងត្រូវការសម្រាប់បង្កើនផលិតភាព។
លោក ស៊ុន មេសា សង្កត់ធ្ងន់ថា សុខភាពវិស័យកាត់ដេរ និងកំណើនសហគ្រាសនៅកម្ពុជា បន្តមានសុខភាពល្អដោយរោងចក្រសហគ្រាសបន្តកើនឡើងគួរជាទីមោទនៈ ដែលបង្ហាញយ៉ាងច្បាស់ពីការជឿទុកចិត្ត និងការអនុវត្តដ៏ត្រឹមត្រូវនៃរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីដែលធ្វើឱ្យពលរដ្ឋគ្រប់គ្នារីករាយមានការងារធ្វើ និងមានជីវភាពកាន់តែល្អប្រសើរខណៈដែលកម្មករនិយោជិតមានការថែទាំសុខភាពដោយឥតគិតថ្លៃ មានប្រាក់គ្រោះថ្នាក់ការងារ មានប្រាក់សោធនពេលចាស់ថែមទៀតផង”។
អ្នកនាំពាក្យរូបនេះក៏បានអំពាវនាវជាថ្មីម្តងទៀតឱ្យពលរដ្ឋខ្មែរដែលវិលត្រឡប់ពីប្រទេសថៃវិញ ស្វែងរកឱកាសការងារដ៏ច្រើនសម្បូរបែបនៅក្នុងស្រុកដើម្បីទទួលបានអត្ថប្រយោជន៍ច្រើន សុវត្ថិភាព កាត់បន្ថយការចំណាយ នៅជិតគ្រួសារ និងចូលរួមពង្រឹងសេដ្ឋកិច្ចជាតិរបស់ខ្លួនជាមួយនឹងរាជរដ្ឋាភិបាលដែលមានសម្តេច ហ៊ុន ម៉ាណែត ជាប្រមុខដែលតែងតែគិតគូរពីផលប្រយោជន៍របស់ពលករ កម្មករនិយោជិត និងប្រជាពលរដ្ឋ៕