សៀមរាប៖ កម្ពុជា កំពុងតែសាងសង់អាគាររាងគ្រាប់មីនPMN-2ធំជាងគេក្នុងពិភពលោក នៅលេីទឹកដីនៃខេត្តសៀមរាប ហេីយអគារនេះក៏អាចក្លាយជានិមិត្តរូបនៃការសម្រេចជោគជ័យក្នុងការអនុវត្តអនុសញ្ញាមីនអន្ដរជាតិអូតាវ៉ាផងដែរ។ អាគាររាងគ្រាប់មីននេះ អាចដាក់សម្ពោធជាផ្លូវការនៅដេីមឆ្នាំ២០២៦ខាងមុខនេះ។
បើតាមលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា(CMAC) នៅទី២១ ខែកក្កដានេះ បានចុះពិនិត្យវឌ្ឍនភាពការសាងសង់អាគារាងគ្រាប់មីនPMN-2ធំជាងគេបំផុតលេីពិភពលោក។ អាគាររាងគ្រាប់មីននេះ ប្លង់ខាងក្រោម រាងការេមានទំហំ១០៨ម៉ែត្រគុណ១០៨ម៉ែត្រ និងខាងលើរាងមូលមានអង្កត់ផ្ចិត៥២ម៉ែត្រ មាន២ជាន់កម្ពស់១៧ម៉ែត្រ។
លោក ហេង រតនា បានបន្ថែមថា អគាររាងគ្រាប់មីននេះ ស្ថិតនៅក្នុងបរិវេទសារមន្ទីរតេជោសន្តិភាព និងអាចក្លាយជាមរតកជាតិមួយក្នុងការដាក់បង្ហាញជូនសាធារណជនជាតិនិងអន្ដរជាតិ ឲ្យយល់កាន់តែច្បាស់ថែមទៀតនូវការខិតខំរបស់សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ក្នុងការបញ្ចប់សង្គ្រាមនៅកម្ពុជា និងបានកសាងសន្ដិភាពយ៉ាងពេញលេញពិតប្រាកដមួយសម្រាប់ប្រជាជននិងប្រទេសជាតិ។ អាគារនេះ កសាងដោយក្រុមហ៊ុនជប៉ុនSATO KOGYO និងផ្តល់ហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលជប៉ុន៕