681 ezgif.com resize
Swift cc time

ឆមាសទី១ ឆ្នាំ២០២៥ យុទ្ធនាការ«ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក»សម្រេចបាន៩៤,១២ភាគរយ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ក្នុងឆមាសទី១ ឆ្នាំ២០២៥ ការអនុវត្តយុទ្ធនាការ «ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក» សម្រេចបានការសម្អាតផ្លូវជាតិចំនួន ៦៤ខ្សែ ស្មើនឹង៩៤,១២% នៃចំនួនផ្លូវជាតិគោលដៅសរុបទូទាំងប្រទេស ដែលមានចំនួន៦៨ខ្សែ និងមានប្រវែង ៦ ៣៤៩ គីឡូម៉ែត្រ។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានបញ្ជាក់នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥។

លោក ខ្វៃ អាទិត្យា បានឲ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ ផ្លូវជាតិប្រវែង ៦ ២០៥,៦៧គម ស្មើនឹង ៩៧,៧៤% នៃប្រវែងផ្លូវសរុប ត្រូវបានសម្អាតរួចរាល់ និងត្រូវបានសម្អាត ប្រមូលទុកដាក់សំរាម និងសំណល់ប្លាស្ទិក ជាប្រចាំថែមទៀត ដោយមានការចូលរួមសម្របសម្រួលពីមន្ទីរបរិស្ថានរាជធានីខេត្ត សហការជាមួយរដ្ឋបាលបាលថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ អង្គការសង្គមស៊ីវិល សមាគម ដៃគូសហការ ផ្នែកឯកជន និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

អ្នកនាំពាក្យក្រសួងបរតិស្ថាន បានបន្ថែមថា ផ្លូវជាតិដែលនៅសេសសល់ មិនទាន់បានសម្អាត ដោយសារមូលហេតុផ្លូវកំពុងជួសជុល ប៉ុន្តែទោះជាយ៉ាងណា ក្រសួងបរិស្ថាន មានសុទិដ្ឋិនិយមថា ផ្លូវជាតិទាំងអស់នៅកម្ពុជានឹង ទទួលបានភាពស្អាត នៅក្នុងចុងឆ្នាំ២០២៥ ខណៈពេលផ្លូវជាតិចំនួនជាង៧៥% ស្មើនឹងប្រមាណ៤ ៧២៥ គីឡូម៉ែត្រ នៃចំនួនផ្លូវដែលបានសម្អាតមានស្ថានភាពស្អាតល្អ។ លោកបន្តថា ឃុំ សង្កាត់ដែលមានផ្លូវជាតិឆ្លងកាត់សរុប នៅកម្ពុជាមានចំនួន ៩៥០ ឃុំ/សង្កាត់ ក្នុងនោះឃុំ/សង្កាត់ចំនួន ៨៩៥ បានចូលរួម ក្នុងយុទ្ធនាការ «ផ្លូវជាតគ្មានសំរាម និងសំណល់ប្លាស្ទិក» និងមានអ្នកចូលរួមសរុបចំនួន ២៦៣ ៥៥២ នាក់ ព្រមទាំងបានប្រមូលទុកដាក់សំណល់បានចំនួនជាង ៣៤៥តោន។

គួរបញ្ជាក់ថា យុទ្ធនាការសម្អាតផ្លូវជាតិ ក្រោមប្រធានបទ « ផ្លូវជាតិគ្មានសំរាមនិងសំណល់ប្លាស្ទិក » ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥។ ការប្រកាសដាក់ចេញយុទ្ធនការសម្អាតផ្លូវជាតិនេះ គោលបំណងធ្វើឱ្យផ្លូវជាតិស្អាត គ្មាសំរាម សំណល់ប្លាស្ទិករាយប៉ាយ នៅតាមដងផ្លូវ ចូលរួមចំណែក លើកកម្ពស់សោភ័ណភាពទីក្រុង ទីប្រជុំជននៅតាមបណ្តាផ្លូវជាតិទូទាំងប្រទេស កាន់តែស្រស់ស្អាត មានអនាម័យ ខ្យល់អាកាសស្អាត និងសណ្តាប់ធ្នាប់ល្អ ក៏ដូចជាការទាក់ទាញការចាប់អារម្មណ៍ ពីអ្នកវិនិយោគ និងអ្នកទេសចរណ៍មកប្រទេសកម្ពុជា កាន់តែច្រើនឡើងថែមទៀត៕

Khcct banner

អត្ថបទទាក់ទង