ភ្នំពេញ៖ ក្នុងរយៈពេល៦ខែ ឬឆមាសទី១ឆ្នាំ២០២៥នេះ ពោលគឺចាប់ពីខែមករា-មិថុនា កម្ពុជាសម្រេចការនាំចេញទៅទីផ្សារអន្តរជាតិក្នុងទំហំទឹកប្រាក់ជាង ១៤,៧ ពាន់លានដុល្លារ កើនឡើង ១៨,៤៨ ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ នេះបើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។
បើតាមរបាយការណ៍ ក្នុងឆមាសទី១ឆ្នាំ២០២៥នេះ ដៃគូពាណិជ្ជកម្មសំខាន់ៗដែលកម្ពុជាបាននាំចេញទៅមានដូចជា៖ ទីផ្សារអាសិបក្នុងទឹកប្រាក់ប្រមាណ ៥ពាន់លានដុល្លារ កើនឡើង ១១,២៤ ភាគរយ; ទីផ្សារអាស៊ាន ៣,១ ពាន់លានដុល្លារ កើនឡើង ១៦,៣៦ ភាគរយ; សហរដ្ឋអាម៉េរិក ៥,៥ ពាន់លានដុល្លារ កើនឡើង ២៥,៥៦ ភាគរយ; សហភាពអឺរ៉ុប ២,៤ ពាន់លានដុល្លារ កើនឡើង ២០,៤៧ ភាគរយ; ជប៉ុន ៧៥៣,៥៥ លានដុល្លារ កើនឡើង ១៩,៨៦ ភាគរយ, ចិន ៧៥០,៦២ លានដុល្លារ ធ្លាក់ចុះ ៧,៨៨ ភាគរយ; កាណាដា ៦០៤,៤៨ ភាគរយ កើនឡើង ២២,១៥ ភាគរយ; អង់គ្លេស ៤៩៨,៩៩ លានដុល្លារ កើនឡើង ១៤.៦៧ ភាគរយ; អូស្រ្តាលី ២៣៨,៧២ លានដុល្លារ កើនឡើង ៤,៨៨ ភាគរយ; កូរ៉េ ១៥១,៨១ ភាគរយ ធ្លាក់ចុះ ២,១៣ ភាគរយ។
មុខទំនិញសំខាន់ៗដែលកម្ពុជាបាននាំចេញទៅទីផ្សារអន្តរជាតិមានដូចជា៖ សម្លៀកបំពាក់ វាយនភ័ណ្ឌ ស្បែកជើង ទំនិញធ្វើដំណើរ ផលិតផលកសិកម្ម (ដូចជា ស្រូវ អង្ករ គ្រាប់ស្វាយចន្ទី និងដំឡូងមី និងកៅស៊ូ) គ្រឿងសង្ហារឹម សំបកកង់រថយន្ត បន្ទះសូឡា កង់ សម្ភារៈអគ្គិសនី គ្រឿងបង្គុំអេឡិចត្រូនិក គ្រឿងបង្គុំយានយន្ត និងផលិតផលជលផលជាដើម៕