ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) នៅថ្ងៃទី ២១ខែកក្ដដា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា គិតមកដល់ពេលនេះ កម្ពុជាបានបោសសម្អាតនិងកម្ទចចោលទាំងគ្រាប់មីននិងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះបានចំនួនជាង៤លាន៤៦មុឺនគ្រាប់។
លោក ហេង រតនា អគ្គនាយក(CMAC) បានលើកឡើងថា កម្ពុជា ជារដ្ឋភាគីនៃអនុសញ្ញាមីនអន្តជាតិអូតាវ៉ា និងបានចូលរួមអនុវត្តន៍អនុសញ្ញានេះប្រកបដោយជោគជ័យទាំងជាតិ និងអន្តរជាតិទាំងមុននិងក្រោយក្លាយខ្លួនសមាជិកពេញសិទ្ធនៅឆ្នាំ២០០០។ លោកបន្តថា កម្ពុជា គ្រប់ភាគីជម្លោះបានប្រេីប្រាស់គ្រាប់មីនប្រឆាំងមនុស្សមានចំនួនប្រមាណ៤-៦លានគ្រាប់ ហេីយគិតមកដល់ពេលនេះកម្ពុជាបានបោសសម្អាតនិងកម្ទេចចោលចំនួនជាង ១លាន ២សែនគ្រាប់ ដែលភាគច្រេីនស្ថិតនៅតំបន់ខាងក្នុងផ្ទៃប្រទេសសម្រាប់បម្រេីសុខសុវត្ថិភាពប្រជាពលរដ្ឋនិងអភិឌ្ឍន៍ប្រទេសឡេីងវិញ។
លោក ហេង រតនា បានបញ្ជាក់ថា គិតមកដល់ពេលនេះ កម្ពុជាបានបោសសម្អាតនិងកម្ទចចោលទាំងគ្រាប់មីននិងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះបានចំនួនជាង៤លាន៤៦មុឺនគ្រាប់។ ដូចលោកលើកឡើងកន្លងមកបូរណភាពទឹកដីអ្នកណាអ្នកនោះទទួលខុសត្រូវ។ លោកអគ្គនាយក(CMAC) ក៏បានបង្ហាញខ្លឹមសារសង្ខេបនៃមាត្រាទី៥ នៃអនុសញ្ញាមីនអន្តរជាតិអូតាវ៉ា រួមមាន ទី១,រដ្ឋភាគីនីមួយៗមានកាតព្វកិច្ចកម្ទេច ឬធានានូវការកម្ទេចគ្រាប់មីនគ្រប់ប្រភេទប្រឆាំងមនុស្សនៅក្នុងទីតាំងមានមីនស្ថិតនៅក្រោមយុត្ថាធិការ ឬការគ្រប់គ្រង់របស់ខ្លួនឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ប៉ុន្តែមិនឲ្យលើសរយៈពេល១០ឆ្នាំបន្ទាប់ពីបានក្លាយជារដ្ឋភាគីនៃអនុសញ្ញានេះ។
ចំណែក ទី២,រដ្ឋភាគីនីមួយៗត្រូវខិតខំប្រឹងប្រែងគ្រប់លទ្ធភាពដើម្បីកំណត់ទីតាំងទាំងអស់ក្រោមយុត្ថាធិការ ឬការគ្រប់គ្រងរបស់ខ្លួន ដែលបានដឹង ឬសង្ស័យថាមានដាក់គ្រាប់មីនគ្រប់ប្រភេទប្រឆាំងមនុស្ស ដោយត្រូវដាក់ផ្លាកសញ្ញាសម្គាល់ព្រំប្រទល់ ពិនិត្យតាមដាន និងការពារដោយព័ទ្ធរបង ឬដោយមធ្យោបាយផ្សេងទៀតនៅគ្រប់ទីតាំងដែលមានគ្រាប់មីនគ្រប់ប្រភេទប្រឆាំងមនុស្ស ដែលស្ថិតនៅក្រោមយុត្ថាធិការ ឬការគ្រប់គ្រងរបស់ខ្លួននោះ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីធានាការពារជនស៊ីវិលពីការគ្រោះថ្នាកុំដោយសារគ្រាប់មីនគ្រប់ប្រភេទប្រឆាំងមនុស្ស រហូតដល់គ្រាប់មីនគ្រប់ប្រភេទប្រឆាំងមនុស្សទាំងអស់នោះត្រូវបានកម្ទេចចោល៕