681 ezgif.com resize
Swift cc time

កម្ពុជា-ចិន បន្តពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ កម្ពុជា-ចិន បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការចែករំលែកព័ត៌មាន ស្រាវជ្រាវ និងស៊ើបអង្កេត ដើម្បីឈានទៅដល់ការបង្ក្រាប និងចាប់ខ្លួនជនសង្ស័យ ក៏ដូចជាការបន្តនីតិវិធីច្បាប់។ លើសពីនេះ ភាគីចិនបានសន្យាថានឹងជួយកម្ពុជាក្នុងការបញ្ជូនជនជាតិចិនដែលប្រព្រឹត្តបទល្មើសនៅកម្ពុជាត្រឡប់ទៅប្រទេសចិនវិញឱ្យបានឆាប់រហ័សបំផុត ដោយចាត់ទុកបញ្ហានេះជាអាទិភាព។

ក្រោយពីរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាយ៉ាងម៉ឺងម៉ាត់ ដោយគិតត្រឹមថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ បានបង្ក្រាបទីតាំងចំនួន ៥២ ក្នុង ១៥ រាជធានី ខេត្ត និងឃាត់ខ្លួនជនសង្ស័យសរុប ២.៧៦៧ នាក់ រួមទាំងជនជាតិចិន ៨៤៣ នាក់ នោះ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ នេះ លោក ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមបច្ចេកវិទ្យា(គ.ប.ឆ.ប.) បានជួបពិភាក្សាការងារជាមួយ លោក Yin Guohai ថ្នាក់អគ្គនាយករងនៃនាយកដ្ឋានស៊ើបអង្កេតព្រហ្មទណ្ឌ របស់ក្រសួងសន្តិសុខសាធារណៈចិន។

នៅក្នុងជំនួបនេះ លោក Yin Guohai បានកោតសរសើរចំពោះលទ្ធផលគួរឱ្យកត់សម្គាល់នៃយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់កម្ពុជា និងបានបញ្ជាក់ពីការបន្តគាំទ្រកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្ក្រាបបទល្មើសនេះ។

លោក ឆៃ ស៊ីណារិទ្ធ ក៏បានជម្រាបជូនភាគីចិនអំពីវឌ្ឍនភាពនៃយុទ្ធនាការ និងបានស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការ ការបណ្តុះបណ្តាលជំនាញ និងជំនួយបច្ចេកទេសពីប្រទេសពាក់ព័ន្ធ ដើម្បីបង្កើនប្រសិទ្ធភាពនៃប្រតិបត្តិការ។

ភាគីទាំងពីរបានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការចែករំលែកព័ត៌មាន ស្រាវជ្រាវ និងស៊ើបអង្កេត ដើម្បីឈានទៅដល់ការបង្ក្រាប និងចាប់ខ្លួនជនសង្ស័យ ក៏ដូចជាការបន្តនីតិវិធីច្បាប់។ លើសពីនេះ ភាគីចិនបានសន្យាថានឹងជួយកម្ពុជាក្នុងការបញ្ជូនជនជាតិចិនដែលប្រព្រឹត្តបទល្មើសនៅកម្ពុជាត្រឡប់ទៅប្រទេសចិនវិញឱ្យបានឆាប់រហ័សបំផុត ដោយចាត់ទុកបញ្ហានេះជាអាទិភាព៕

Khcct banner

អត្ថបទទាក់ទង