ភ្នំពេញ៖ លោក ជឿន សារួន អធិការរងនគរបាលខណ្ឌព្រែកព្នៅ កាលពីថ្ងៃទី១៧ខែកក្កដាឆ្នាំ២០២៥ ត្រូវបានសម្រេចបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ ក្រោយបានល្មើសវិន័យអវត្តមានបាត់មុខគ្មានមូលហេតុជាច្រើនថ្ងៃ និងបង្កបញ្ហាពាក់ព័ន្ធនិងរឿងរ៉ាវដីធ្លីជាមួយប្រជាពលរដ្ឋ។
កាលពីពេលថ្មីៗនេះ មានការផ្សព្វផ្សាយតាមបណ្តាញសង្គមថា ប្រជាពលរដ្ឋជាច្រើននាក់ បានធ្វើការតវ៉ា ពាក់ព័ន្ធបញ្ហាទិញដីឡូត៍ពីលោក ជឿន សារួន អធិការរងនគរបាលខណ្ឌព្រែកព្នៅ ស្ថិតនៅភូមិថ្មីជង្រុក ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ ការតវ៉ានេះ ក្រោយពីប្រជាពលរដ្ឋ បានបង់ប្រាក់រួច និងកំពុងបង់លុយបន្ត តែមិនទទួលបានដី និងប្លង់ដី ដោយអធិការរងខណ្ឌព្រែកព្នៅនេះ បានរត់គេចខ្លួនទៅក្រៅប្រទេសបាត់ទៅហើយ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ខែកក្កដាឆ្នាំ២០២៥ បានស្នើសុំគោលការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ អនុវត្តទណ្ឌកម្មវិន័យ ក្រោមរូបភាពបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិពាក់ព័ន្ធនឹងមន្រ្តីរូបនេះបានល្មើសវិន័យកងកម្លាំងនគរបាលជាតិ ដោយអវត្តមានបាត់មុខគ្មានមូលហេតុដោយមិនបានមកបំពេញភារកិច្ចនៅអង្គភាពជាច្រើនថ្ងៃមកហើយ និងមិនទទួលខុសត្រវចំពោះតួនាទីភារកិច្ចជានគរបាលជាតិ។
បើតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ករណីអធិការរងខណ្ឌព្រែកព្នៅ លោកវរសេនីយ៍ទោ ជឿន សារួន ដែលបានធ្វើសកម្មភាពបង្កបញ្ហាពាក់ព័ន្ធនិងរឿងរ៉ាវដីធ្លីជាមួយប្រជាពលរដ្ឋ ជារឿងបុគ្គល មិនជាប់ពាក់ព័ន្ធជាមួយនិងអង្គភាពនោះឡើយ៕