681 ezgif.com resize
Swift cc time

កម្ពុជាអាចនឹងថយចុះភ្លៀងចាប់ពីថ្ងៃទី២២ កក្កដា ដល់១០ សីហា

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងមួយ ស្តីពីស្ថានភាពកូនរដូវប្រាំងឆ្នាំ២០២៥ ដោយបង្ហាញថា បរិមាណទឹកភ្លៀងនឹងមានការថយចុះគួរឱ្យកត់សម្គាល់ ចាប់ពីថ្ងៃទី២២ ខែកក្កដា រហូតដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥។ ការព្យាករណ៍នេះ ធ្វើឡើងបន្ទាប់ពីការអង្កេត ពិនិត្យ និងវិភាគយ៉ាងលម្អិតលើស្ថានភាពធាតុអាកាស និងអាកាសធាតុនៅក្នុងតំបន់ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

យោងតាមសេចក្តីជូនដំណឹងនៃក្រសួងធនធានទឹក បានឱ្យដឹងថា បណ្តាខេត្តនៅតំបន់វាលទំនាប រួមមាន ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងរាជធានីភ្នំពេញ នឹងអាចមានភ្លៀងធ្លាក់លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ក្នុងកម្រិតខ្សោយប៉ុណ្ណោះ។ តំបន់ខ្ពង់រាប ដែលរួមមាន ខេត្តកំពង់ស្ពឺ ប៉ៃលិន ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក ក៏នឹងអាចជួបប្រទះភ្លៀងធ្លាក់លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ក្នុងកម្រិតខ្សោយដូចគ្នា។

ចំណែកឯ តំបន់មាត់សមុទ្រអាចនឹងមានភ្លៀងច្រើនបន្តិច និងរលកសមុទ្រមធ្យម រួមមាន ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ១៥%។

ក្រសួងក៏បានបញ្ជាក់ផងដែរថា រលកសមុទ្រនឹងមានកម្ពស់មធ្យមអប្បបរមា ០.៥០ ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១.៧៥ ម៉ែត្រ។

ក្រសួង បានប្រកាសឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះស្ថានភាពធាតុអាកាសនេះ និងប្រើប្រាស់ទឹកដោយសន្សំសំចៃ ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុក្នុងអំឡុងពេលកូនរដូវប្រាំងនេះ៕

Khcct banner

អត្ថបទទាក់ទង