ភ្នំពេញ៖ អាជ្ញាធរ នាថ្ងៃទី១៨ ខែកក្កដា ម្សិលមិញ បានចុះឃាត់ចាប់ម៉ូតូរ៉ីម៉កកង់បី ១គ្រឿង ដឹកស្លាបមាន់បង្កកចំនួន១៥០០គីឡូក្រាម ពីប្រទេសវៀតណាម មកលក់ចែកចាយនៅរាជធានីភ្នំពេញខុសច្បាប់។
ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ បានចុះឃាត់ចាប់ម៉ូតូរ៉ីម៉កកង់បី ១គ្រឿង ដឹកស្លាបមាន់បង្កកចំនួន ១០០កេសក្រដាស ស្មើនឹង១៥០០គីឡូក្រាម។
តាមការឆ្លើយបញ្ជាក់របស់ម្ចាស់ដឹកស្លាបមាន់ថា ស្លាបមាន់ទាំងនេះដឹកនាំចេញពីប្រទេសវៀតណាម រួចមកលក់ចែកចាយនៅរាជធានីភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។ បន្ទាប់ពីនេះ ក្រុមការងារបាននាំយកវត្ថុតាំងបទល្មើសខាងលើមករក្សារទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់៕