681 ezgif.com resize
Swift cc time

២០ថ្ងៃ សមត្ថកិច្ច បង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ២០ទីតាំង ឃាត់មនុស្សជាង ១ពាន់នាក់

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ រយៈពេលប្រមាណ២០ថ្ងៃ នៃប្រតិបត្តិការក្តៅកម្លាំងសមត្ថកិច្ច បានបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINESCAMS) ចំនួន ២០ទីតាំង និងឃាត់មនុស្សជាង ១ពាន់នាក់។ នេះបើតាមរបាយការណ៍លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានឲ្យដឹងនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥។

កិច្ចប្រជុំលើកទី១ របស់ គ.ប.ឆ.ប. កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ និងការដាក់បទបញ្ជារបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្តទាំង២៥ បានចាត់វិធានការបង្រ្កាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងភូមិសាស្ត្ររាជធានី-ខេត្ត គិតចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ បានចុះធ្វើរដ្ឋបាល និងប្រតិបត្តិការបង្ក្រាបសរុបបាន ២០ទីតាំង ក្នុង៧ រាជធានី-ខេត្ត រួមមាន៖ រាជធានីភ្នំពេញ កណ្តាល ព្រះសីហនុ កំពង់ស្ពឺ បន្ទាយមានជ័យ ក្រចេះ និងពោធិ៍សាត់។

ប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យសរុប ១.៣៦២ នាក់ (ស្រី ២២៤នាក់)។ ក្នុងនោះ មានជនជាតិវៀតណាម ៣៤៧នាក់(ស្រី ៦៤នាក់), ជនជាតិឥណ្ឌូនេស៊ី ២៧១នាក់(ស្រី ៤៥), ជនជាតិចិន ២២៦នាក់(ស្រី ២៣នាក់), ជនជាតិកូរ៉េ ៥៧នាក់(ស្រី ២នាក់) តៃវ៉ាន់ ៣៧នាក់ និងជនជាតិផ្សេងៗទៀត រួមមាន ថៃ បង់ក្លាដេស និងមីយ៉ាន់ម៉ាជាដើម។ ទន្ទឹមនឹងនេះ ក៏បានដកហូតឧបករណ៍វត្ថុតាងមួយចំនួនបម្រើឱ្យបទល្មើស Online Scams មានដូចជា កុំព្យូទ័រ កុំព្យូទ័រយួរដៃ ទូរសព្ទ ម្សៅអេស្ដាស៊ី(ថ្នាំញៀន) អាវុធ គ្រាប់កាំភ្លើង និងសម្ភារមួយចំនួនទៀត។

ក្រោយប្រតិបត្តិការបង្ក្រាបទីតាំង និងជនសង្ស័យត្រូវបានអាជ្ញាធររាជធានី-ខេត្ត គ្រប់គ្រង និងបិទទីតាំងមិនឱ្យមានការចេញ-ចូល។ ចំណែកមុខសញ្ញាមេក្លោងត្រូវបានបញ្ជូនទៅតុលាការ ដើម្បីអនុវត្តនីតិវិធី (រាជធានីភ្នំពេញ បានបញ្ជូនមេក្លោង ១១នាក់ និងវត្ថុតាងទៅតុលាការ) ព្រមទាំងសហការជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រៀមរៀបចំបញ្ជូនជនបរទេសទៅកាន់មណ្ឌលរង់ចាំត្រៀមបណ្ដេញចេញទៅក្រៅប្រទេស។ ដោយឡែក វត្ថុតាងរឹបអូសមួយចំនួនត្រូវបានប្រគល់ជូនតុលាការ និងមួយចំនួនទៀតស្ថិតក្រោមការគ្រប់គ្រង រក្សាទុករបស់អាជ្ញាធររាជធានី-ខេត្ត សម្រាប់បម្រើឱ្យជំនាញធ្វើការស្រាវជ្រាវបន្ត៕

Khcct banner

អត្ថបទទាក់ទង