កំពង់ស្ពឺ៖ផ្លូវចាប់ពីវត្តតាំងបំពង់ ទៅដល់ជើងភ្នំខ្នងផ្សារ ប្រវែង ជាង៧ គ.ម បានបញ្ជប់ការចាក់ពង្រាបរួចហើយ បង្កឱ្យការធ្វើដំណើរបានល្អប្រសើរ។ការដ្ឋានធ្វើផ្លូវឡើងភ្នំខ្នងផ្សារកំពុងមានវឌ្ឍនភាពទៅមុខ ដែលនៅពេលនេះ គម្រោងសាងសង់ផ្លូវផ្លូវឆ្ពោះទៅតំបន់លំហែបៃតងដ៏មានសក្តានុពលនៅក្នុង ភូមិសាស្រ្តខេត្តកំពង់ស្ពឺ ជាប់ជាមួយខេត្តកោះកុង បានបញ្ចប់ការចាក់ដី និងកិនពង្រាបបានស្អាតល្អហើយ។
ការដ្ឋានសាងសង់ផ្លូវចូលទៅកាន់តំបន់ខ្នងផ្សារ និង ហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យគោលដៅលម្ហែបៃតងតំបន់នោះ បានបើកសម្ពោធជាផ្លូវការ នៅភូមិតាំងបំពង់ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥។ រហូតមកទល់ពេលនេះ គម្រោងអភិវឌ្ឍន៍រួមមាន ការសាងសង់ ផ្លូវក្រាលក្រួសក្រហម (កាលថ្មម៉ិច) ប្រវែង ៧,២ គ.ម ទទឹងប្រវែង៨ម ចាប់ពីវត្តតាំងបំពង់ ដល់ជើងភ្នំឡើងតំបន់ខ្នងផ្សារ បានរៀបចំចាក់ដីនិងពង្រាបដីស្អាតរួចរាល់។
បើតាមក្រសួងបរិស្ថាន ការសាងសង់ក្លោងទ្វារធ្វើឡើភ្នំសម្រេចបាន 25% ការសាងសង់បន្ទប់ទឹកស្អាតសម្រេចបានធ្វើបាន 20% រួមជាមួយ ស្នាក់ការផ្តល់ព័ត៌មានសម្រាប់ទេសចរណ៍លើភ្នំ និងបន្ទប់សង្គ្រោះបឋម សម្រេចបាន 35%។ លើសពីនេះ ការស្ថាបនាផ្លូវឡើងភ្នំខ្នងផ្សារ និង ការបើកការសាងសង់ផ្លូវថ្មើរ ជើងឡើងតំបន់ភ្នំខ្នងផ្សារ ចាប់ពីចំណុចជើងភ្នំ ដល់ដំណាក់ដានព្រះ មុនទៅដល់ភ្នំខ្នងផ្សារ រួមជាមួយកន្លែងចតយានយន្ត បានរៀបចំបានមួយចំនួនផងដែរ។
នៅក្នុងគម្រោង ក្រសួងបរិស្ថាន មានគម្រោងរៀបចំកន្លែង សម្រាកជាដំណាក់ៗ ដោយមានថែរក្សា និងដាំដើមឈើព្រៃ និងឈើហូបផ្លែ ដើម្បីផ្តល់ម្លប់ សម្រាប់ទេសចរ អាចសម្រាកកម្សាន្តផង និងអាចទទួលទានផងដែរ។ ក្នុងនោះគម្រោងរបស់ក្រសួងបរិស្ថាន និងផ្តល់ជូនដល់ទេសចរមកលេងភ្នំខ្នងផ្សារ បានពិសាទឹកស្អាត ដែលចម្រោះចេញពីទឹកធម្មជាតិ ប្រភពពីលើភ្នំ ទៅដល់កន្លែងសម្រាក។ ជាមួយគ្នានេះ គម្រោងនឹងមានដាក់ស្លាកព័ត៌មាន ដែលបង្ហាញពីចម្ងាយផ្លូវ និងសារៈប្រយោជន៍នៃការឡើងភ្នំចំពោះសុខភាព នៅតាមកន្លែងសម្រាកនីមួយៗថែមទៀត៕