ភ្នំពេញ៖ រដ្ឋាភិបាលកូរ៉េ តាមរយៈឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន រឹងមាំបន្ថែមទៀត ខណៈកិច្ចសហប្រតិបត្តិការលើវិស័យនានាទទួលបានផ្លែផ្កាល្អ។ ការប្ដេជ្ញានេះត្រូវបានបង្ហាញឡើងក្នុងកិច្ចពិភាក្សាការងារជាមួយសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥។
លោក ផាក ជុងវុក (PARK Jung-Wook) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា បានចាត់ទុកពេលវេលានៃការបំពេញបេសកកម្មការទូតនៅកម្ពុជា ជាពេលវេលាដ៏មានតម្លៃបំផុតក្នុងជីវិតការងាររបស់លោក និងមានមោទនភាពដែលបានចូលរួមចំណែកដល់ការពង្រឹង និង ពង្រីកទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការ កូរ៉េ-កម្ពុជា ដែលបានប្រែក្លាយជាដៃគូយ៉ាងជិតស្និទ្ធ ចាប់តាំងពីការបង្កើតចំណងការទូត រវាងប្រទេសទាំងពីរ នៅឆ្នាំ១៩៩៧ រហូតដល់ការដំឡើងកម្រិតទំនាក់ទំនង ទៅជា “ភាពជាដៃគូយុទ្ធសាស្រ្ត” កាលពីឆ្នាំ២០២៤ កន្លងទៅ។
លោកឯកអគ្គរដ្ឋទូត វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អលើវិស័យ៖ ពាណិជ្ជកម្ម, ធុរកិច្ច និង វិនិយោគ និងបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ការគាំទ្រ ដល់បេសកកម្មរបស់ឯកឧត្តមឱ្យទទួលបានជោគជ័យ។ លោកបានបញ្ជាក់ថា រដ្ឋាភិបាលកូរ៉េនឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន រឹងមាំបន្ថែមទៀត។
ជាមួយគ្នានេះ សម្ដេច ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្ពុជា និងកូរ៉េនៅមានសក្ដានុពលជាច្រើនដែលត្រូវពង្រីកបន្ថែម ហើយសម្តេចមានសុទិដ្ឋិនិយមថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ នឹងត្រូវបានបន្តពូនជ្រំឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត៕