ក្រចេះ៖ សមត្ថកិច្ចខេត្តក្រចេះ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ បានចុះប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យ មានការលួចលាក់បង្កប់បទល្មើស Online Scams នៅទីតាំងអាគារជួល១កន្លែង នៅស្រុកស្នួល ខេត្តក្រចេះ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនបរទេសចំនួន ៣១២នាក់ និងសម្ភារៈជាវត្ថុតាងជាច្រើនទៀត។
ក្នុងការចុះបង្ក្រាបនេះ លោក វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តក្រចេះ ដោយសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ចុះប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យ មានការលួចលាក់បង្កប់បទល្មើស Online Scams នៅទីតាំងអាគារជួល១កន្លែង ក្នុងភូមិសាស្ត្រឃុំ២ធ្នូ ស្រុកស្នួល បានរកឃើញមានជនបរទេស រួមមាន៖ ជនជាតិវៀតណាម ថៃ បង់ក្លាដេស ឥណ្ឌូនេស៊ី ចិន មីយ៉ាន់ម៉ា សរុបចំនួន ៣១២នាក់ ក្នុងនោះមានស្ត្រី ចំនួន៥៦នាក់ និងប្រមូលសម្ភារៈជាវត្ថុតាង រួមមាន៖ កំព្យូទ័រ ចំនួន៣២៩គ្រឿង, ទូរសព្ទដៃ ១,៦៣០គ្រឿង។
បច្ចុប្បន្ន ជនដែលត្រូវបានឃាត់ខ្លួន និងវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តអនុវត្តនីតិវិធី ខណៈសមត្ថកិច្ចនឹងចាត់វិធានការ តាមផ្លូវច្បាប់ឱ្យតឹងរឹងបំផុតចំពោះមេក្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។
គួរបញ្ជាក់ថា ដោយអនុវត្តតាមអនុសាសន៍ របស់សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសបើកយុទ្ធនាការបោសសម្អាតបទឧក្រិដ្ឋឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងប្រទេស ដោយបញ្ជាឱ្យអាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវចុះប្រតិបត្តិការបង្ក្រាបនៅគ្រប់ទីតាំងដោយភាពម្ចាស់ការទទួលខុសត្រូវក្នុងភូមិសាស្ត្ររបស់ខ្លួន៕