ភ្នំពេញ៖ មន្រ្តីព្រះរាជអាជ្ញាមួយចំនួនត្រូវបាន ក្រសួងយុត្តិធម៌បណ្តេញចេញពីក្របខ័ណ្ឌ និង ផ្អាកមុខងារជាបណ្តោះអាសន្ន ក្រោយដោះលែងក្រុមជនល្មើសឆបោកតាមអនឡាញ (Online Scams)។ ការសម្រេចនេះធ្វើឡើង បន្ទាប់ពីសម្តេច ហ៊ុន ម៉ាណែត បានបញ្ជាឲ្យចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ចំពោះមន្រ្តីព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ម្នាក់ ដែលដោះលែងក្រុមជនល្មើសឆបោកតាមអនឡាញ ពោលគឺក្រោយប៉ុន្មានថ្ងៃនៃបទបញ្ជារបស់រាជរដ្ឋាភិបាល ដើម្បីបោសសម្អាត Online Scams។
ក្រោយការប្រកាសបទបញ្ជារបស់សម្តេចនាយករដ្ឋមន្រ្តី នៅថ្ងៃទី ១៦កក្កដា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានសម្រេចផ្អាកមុខងារជាបណ្តោះអាសន្ន លោក គ្រី សីហា ព្រះរាជអាជ្ញារងនៃអយ្យការអម សាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីបើកផ្លូវឱ្យក្រុមអធិការកិច្ច និងស្ថាប័នមានសមត្ថកិច្ចធ្វើការស៊ើបអង្កេតស្រាវជ្រាវ ទាក់ទងនឹងការអនុវត្តច្បាប់ដោយរំលោភបំពាន ក្នុងការដោះលែងជនល្មើសដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងខេត្តពោធិ៍សាត់។
ជាបន្តបន្ទាប់មន្រ្តីព្រះរាជអាជ្ញានៅក្រសួងយុត្តិធម៌ លោក សុច សុផាន់ណារ៉ា ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ដាក់វិន័យដោយបណ្តេញចេញពីក្របខណ្ឌព្រះរាជអាជ្ញា ក្រោយរកឃើញថាពាក់ព័ន្ធដោះលែងក្រុមជនល្មើសឆបោកតាមអនឡាញ (Online Scams)។
រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៤ កក្កដា បានដាក់ចេញយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយមានការចូលរួមសកម្មភាពពីក្រសួង និងស្ថាប័នពាក់ព័ន្ធជាច្រើន ដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យមាន ប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
រាជរដ្ឋាភិបាលកម្ពុជា បានព្រមានធ្ងន់ៗថា រាល់សមត្ថកិច្ច អាជ្ញាធរ ពីក្រសួង និងស្ថានប័នណា ដែលមិនអនុវត្តតាមបទបញ្ជា ឬមិនសហការអនុវត្ត ក្នុងរូបភាពណាមួយ នឹងត្រូវផ្លាស់ប្តូរ ឬបញ្ចប់មុខតំណែងតែម្តង៕