
ភ្នំពេញ៖សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅយប់ថ្ងៃទី៩ វិច្ឆិកា បានថ្លែងសារបន្ទាន់មួយជូនជនរួមជាតិខ្មែរទាំងអស់ ពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ ៣ វិច្ឆិកា ឆ្នាំ២០២០ ឬ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូរដ្ឋមន្រ្តីការបរទេស ហុងគ្រី។នៅក្នុងសារនោះ សម្តេចហ៊ុន សែន បានដាក់បញ្ជាដល់អ្នកពាក់ព័ន្ធទាំងអស់ ត្រូវធ្វើយ៉ាងណារំលត់«ព្រឹត្តិការណ៍៣វិច្ឆិកា»ត្រឹមរយៈពេល៣សប្តាហ៍។
ដើម្បីជម្នះស្ថានការណ៍បច្ចុប្បន្នសម្តេច ហ៊ុន សែន បានចេញបញ្ជាដល់ក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ ក្រសួងការពារជាតិ អគ្គបញ្ជាការកងយុទ្ធពលខេមរៈភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រូវត្រៀមកម្លាំងដើម្បីការពារនៅទីកន្លែងដែលធ្វើចត្តាឡីស័ករួម។ហើយសម្តេចហ៊ុន សែន បានបញ្ជាឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវធ្វើការតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះអ្នកធ្វើចត្តាឡីស័កនៅតាមគេហដ្ឋាន។
បើតាមសម្តេច ប្រសិនបើជនណាអនុវត្តន៍មិនបានត្រឹមត្រូវក្នុងការធ្វើចត្តាឡីស័កតាមផ្ទះទេ ក្រសួងសុខាភិបាលសូមអញ្ជើញពួកគាត់ទៅធ្វើចត្តាឡីស័កតាមទីកន្លែងដែលរៀបចំដោយក្រសួងសុខាភិបាល ដោយមានការយាមកាមពីកម្លាំងនគរបាលឬកងរាជអាវុធហត្ថអោយបានហ្មត់ចត់។
សម្រាប់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សភាពការណ៍បច្ចុប្បន្ននេះរដ្ឋាភិបាលអាចគ្រប់គ្រងបាន។ ប៉ុន្តែប្រសិនបើមន្ត្រីពាក់ព័ន្ធទាំងអស់មិនគោរពតាមការធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវនោះទេ សភាពការណ៍អាចនឹងគ្រប់គ្រងលែងបាន ហើយរាជធានីភ្នំពេញនិងទទួលរងផលប៉ះពាល់មុនគេ។
សម្តេចហ៊ុន សែន បានចេញបញ្ជាយ៉ាងទទួចទៅដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវធ្វើយ៉ាងណារំលត់ស្ថានការណ៍«ព្រឹត្តិការណ៍៣វិច្ឆិកា»នេះ យ៉ាងយូរត្រឹមរយៈពេលសប្តាហ៍ខាងមុខនេះ។តែបើរំលត់មិនបានទេ កម្ពុជានឹងមានវាសនាដូចប្រទេសមួយចំនួននៅលើពិភពលោកដែរ៕