ភ្នំពេញ៖ ក្នុងឆមាសទី១ឆ្នាំ២០២៥នេះ ពោលគឺចាប់ពីខែមករា-មិថុនា ទំហំពាណិជ្ជកម្មកម្ពុជា-អាស៊ាន សម្រេចបានក្នុងទឹកប្រាក់ចំនួន ៨,៤៥៦.៥៩ លានដុល្លារ កើនឡើង ៦,១២ ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ក្នុងនោះប្រទេសដែលធ្វើការនាំចេញ-ចូល ជាមួយកម្ពុជាច្រើនជាងគេគឺ វៀតណាម បន្ទាប់មកថៃ សិង្ហបុរី ឥណ្ឌូណេស៊ី និង ម៉ាឡេស៊ីជាដើម។ នេះបើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មដែលផ្តល់មកកាន់ស៊ីស៊ីថាមស៍ដោយលោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។
បើតាមរបាយការណ៍ ក្នុងឆមាសទី១នេះ កម្ពុជាសម្រេចការនាំចេញទៅអាស៊ានក្នុងទឹកប្រាក់ចំនួន ៣,១២៦.៦៦ លានដុល្លារ កើនឡើង ១៦,៣៦ ភាគរយ និងនាំចូលមកវិញក្នុងទឹកប្រាក់ចំនួន ៥,៣២៩.៩៣ លានដុល្លារ កើនឡើង ០,៩១ ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។
ក្នុងតំបន់អាស៊ាន ប្រទេសដែលធ្វើពាណិជ្ជកម្មជាមួយកម្ពុជាច្រើនជាងគេក្នុងឆមាសទី១នេះមានតាមលំដាប់ដូចតទៅ៖ ប្រទេសវៀតណាម ៤,៣ ពាន់លានដុល្លារ, ថៃ ២,១ ពាន់លានដុល្លារ, សិង្ហបុរី ៧០០ លានដុល្លារ, ឥណ្ឌូណេស៊ី ៥៣៤ លានដុល្លារ, ម៉ាឡេស៊ី ៥០៦ លានដុល្លារ, ឡាវ ១០៤ លានដុល្លារ, ហ្វីលីពីន ៤៤ លានដុល្លារ, ព្រុយណេ ១៨ លានដុល្លារ, និង មីយ៉ាន់ម៉ា ១២ លានដុល្លារ។
មុខទំនិញសំខាន់ៗដែលកម្ពុជានាំចេញមានដូចជា៖ សម្លៀកបំពាក់ វាយនភ័ណ្ឌ ស្បែកជើង ទំនិញធ្វើដំណើរ ផលិតផលកសិកម្ម (ដូចជា ស្រូវ អង្ករ គ្រាប់ស្វាយចន្ទី និងដំឡូងមី និងកៅស៊ូ) គ្រឿងសង្ហារឹម សំបកកង់រថយន្ត បន្ទះសូឡា កង់ សម្ភារៈអគ្គិសនី គ្រឿងបង្គុំអេឡិចត្រូនិក គ្រឿងបង្គុំយានយន្ត និងផលិតផលជលផលជាដើម៕