កណ្តាល៖ កម្ពុជា នាថ្ងៃទី១៦ ខែកក្កដា ម្សិលមិញ បានប្រគល់អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ចំនួន១៩អដ្ឋិធាតុ ដែលបានពលីជីវិតក្នុងដំណាក់កាលសង្រ្គាមនៅកម្ពុជា ក្នុងភូមិសាស្រ្តខេត្តកណ្តាល ទៅវៀតណាមវិញ។
បើតាមលោកឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកណ្តាល បានឲ្យដឹងថា ក្នុងជំហានទី២៤ រដូវប្រាំង ឆ្នាំ២០២៤-២០២៥ ក្រុមK90សហការជាមួយកម្លាំងយោធភូមិភាគពិសេស តំបន់ប្រតិបត្តិការសឹករងកណ្តាល ល និងជំនាញការវៀតណាមចុះរុករក ជីកលើកអដ្ឋិធាតុយុទ្ធជនពលីកងទ័ពស្ម័គ្រចិត្តក្នុងភូមិសាស្រ្តខេត្តកណ្តាល ដែលបានពលីជីវិតក្នុងដំណាក់កាលសង្រ្គាមនៅកម្ពុជា ក្នុងភូមិសាស្រ្តខេត្តកណ្តាល ទទួលបានសរុបចំនួន១៩អដ្ឋិធាតុ។
បើតាមប្រភពដដែល កិច្ចសហការរុករក ជីកលើក អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមចុះរុករក (រវាងគណៈចង្អុលការ១២៣៧) គណៈចង្អុលការ៥១៥ យោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម ជាមួយគណៈកម្មការជំនាញខេត្តកណ្តាល បានចាប់ផ្តើម ឆ្នាំ២០០២ រហូតដល់បច្ចុប្បន្ន មានចំនួន ២៤ លើក សម្រេចលទ្ធផលបាន ចំនួន១.២៨៥ អដ្ឋិធាតុ។
ជាការឆ្លើយតប លោកឧត្តមសេនីយ៍ត្រី ហ្វិញ វុ័នង៉ន មេបញ្ជាការរងនយោបាយវៀតណាម បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលបានសហការរុករកជីកលើកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដើម្បីធ្វើមាតុភូមិនិវត្តន៍ទៅកាន់មាតុប្រទេសវិញ៕