ព្រះសីហនុ ៖ សមត្ថកិច្ចខេត្តព្រះសីហនុ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ បានចុះត្រួតពិនិត្យទីតាំងសង្ស័យចំនួន ៦កន្លែង និងឃាត់ខ្លួនមនុស្សសរុប ៦៤នាក់ (ស្រី ១៦នាក់) ដែលសង្ស័យជាប់ពាក់ព័ន្ធនឹងបទល្មេីសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ស្ថិតក្នុងភូមិសាស្រ្តសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពី លោក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត បានសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យទីតាំងសង្ស័យចំនួន ៦កន្លែង ដែលសង្ស័យជាប់ពាក់ព័ន្ធនឹងបទល្មេីសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ស្ថិតក្នុងភូមិសាស្រ្តសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។
លទ្ធផលក្នុងប្រតិបត្តិការបង្រ្កាបនេះ សមត្ថកិច្ច ឃាត់ខ្លួនមនុស្សសរុប ៦៤នាក់ (ស្រី ១៦នាក់) មានសញ្ជាតិវៀតណាម ៦៣នាក់ និងខ្មែរ ១នាក់។ ក្នុងចំណោមនេះ មានជនអន្តោប្រវេសន៍ខុសច្បាប់ ១នាក់ ។ ក្នុងនោះ សមត្ថកិច្ចរកឃើញសម្ភារៈបច្ចេកវិទ្យាមួយចំនួនសម្រាប់បម្រេីឲ្យការប្រព្រឹត្តបទល្មើសដូចជា កុំព្យូទ័រ ៨៧គ្រឿង, ទូរស័ព្ទ ៥៨គ្រឿង, លិខិតឆ្លងដែន ៣៤ក្បាល និងរកឃើញសង្ស័យជាសារធាតុញៀនចំនួន ២៨គ្រាប់ រួមទាំងសម្ភារៈផ្សេងៗទៀត។ ជនសង្ស័យ និងវត្ថុតាងខាងលេី ត្រូវបាននាំមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីច្បាប់តាមផ្លូវច្បាប់ ៕