ភ្នំពេញ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានឱ្យដឹងថា អាជីវករ ពាណិជ្ជករ ធុរជន អាចបន្តនាំចូលមុខទំនិញនានាពីប្រទេសថៃបានលើកលែងតែមុខទំនិញមានប្រភពដើមពីប្រទេសថៃ ដែលជាប់បម្រាមនាំចូលមកកម្ពុជាមានដូចជា បន្លែ ផ្លែឈើ ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ។ ចំពោះមធ្យោបាយដឹកជញ្ជូនអាចដឹកជញ្ជូនតាមមាត់ច្រកផ្លូវការនានា លើកលែងតែមាត់ច្រកព្រំដែនផ្លូវគោកកម្ពុជា ថៃ ដែលត្រូវបានបិទជាឯកតោភាគីដោយយោធាថៃ។
បើតាមសេចក្ដីជូនដំណឹង មុខទំនិញដែលត្រូវបានហាមឃាត់មិនឱ្យថៃនាំចូលមកកម្ពុជាមានដូចជា៖ បន្លែ ផ្លែឈើ ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ (ប្រេងសាំង ប្រេងម៉ាស៊ូត ឧស្ម័នសម្រាប់ដុត ប្រេងខ្មៅ ប្រេងសាំងយន្តហោះ)។
ដោយឡែកមុខទំនិញផ្សេងទៀតក្រៅពីមុខទំនិញខាងលើនេះមិនមែនជាកម្មវត្ថុនៃការហាមឃាត់នាំចូលទេ។ អាជីវកម្ម/ពាណិជ្ជករ នៅអាចបន្តនាំចូលបានជាធម្មតាថោយបំពេញបែបបទ និងនីតិវិធីកំណត់ដោយលិខិតបទដ្ឋានជាធរមាន។
ចំពោះតម្រាយផ្លូវ និងមធ្យាបាយដឹកជញ្ជូនទំនិញនាំចូលមកកម្ពុជា អាជីវករ/ពាណិជ្ជករអាចប្រើប្រាស់មធ្យាបាយដឹកជញ្ជូនផ្សេងៗ និងតាមច្រកផ្លូវការនានា លើកលែងតែមាត់ច្រកព្រំដែនផ្លូវគោកកម្ពុជា-ថៃ ដែលត្រូវបានបិទជាឯកតោភាគីដោយយោធាថៃ។
គួរបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី៧ មិថុនា យោធាថៃបានបិទព្រំដែន និង ប្តូរម៉ោងដោយឯកតោភាគី រំលោភកិច្ចព្រមព្រៀង បានបង្ករជាផលប៉ះពាល់ដល់ប្រជាពលរដ្ឋតាមព្រំដែននៃប្រទេសទាំងពីរ។ឥរិយាបថរបស់យោធាថៃនេះ បាននាំឱ្យរាជរដ្ឋាភិបាលកម្ពុជាសម្រេចបិទព្រំដែន ទុកឱ្យថៃបើកព្រំដែនឡើងវិញដូចមុនថ្ងៃទី៧ មិថុនា ហើយកម្ពុជានឹងបើកព្រំដែន ៥ ម៉ោងក្រោយ៕