ព្រះសីហនុ៖ កម្លាំងជំនាញខេត្តព្រះសីហនុ បានធ្វើការចុះត្រួតពិនិត្យផ្ទះជួលចំនួន ២កន្លែង ស្ថិតនៅក្នុងក្រុមទី១៨ ភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។ ការចុះត្រួតពិនិត្យនោះ កម្លាំងជំនាញបានរកឃើញជនបរទេសសរុបចំនួន ៤៣នាក់ (ស្រី ១៤នាក់) មានសញ្ជាតិវៀតណាម និងម្នាក់ជាជនអន្តោប្រវេសន្ត ក្នុងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
យោងតាមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅថ្ងៃទី១០ និង១១ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការចង្អុលបង្ហាញពី លោក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាលផែនការងារអន្តោប្រវេសន៍ សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ និងមានការសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានធ្វើការចុះត្រួតពិនិត្យផ្ទះជួលចំនួន ២កន្លែង ស្ថិតនៅក្នុងក្រុមទី១៨ ភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។
ក្នុងប្រតិបត្តិការបង្រ្កាបនេះ សមត្ថកិច្ចបានរកឃើញជនបរទេសសរុបចំនួន ៤៣នាក់ (ស្រី ១៤នាក់) មានសញ្ជាតិវៀតណាម និងម្នាក់ជាជនអន្តោប្រវេសន្ត ដោយពួកគេជាបុគ្គលិកចូលរួមក្នុងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយប្រើប្រាស់គណនី TELEGRAM, FACEBOOK និងវេបសាយក្លែងក្លាយដូចជា billmmo.net។ ទន្ទឹមនឹងនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួន រួមមានលិខិតឆ្លងដែន ១៣ក្បាល, កុំព្យូទ័រ ១៦គ្រឿង, ទូរស័ព្ទដៃ ១៦គ្រឿង និងម៉ូតូ ២គ្រឿង។
ជាមួយគ្នានេះ សមត្ថកិច្ចបានសម្រេចឃាត់ខ្លួនស្ត្រីជនជាតិវៀតណាម ឈ្មោះ DOAN TRAN NGOC LINH ជាប្រធានក្រុម និងបុរសជនជាតិវៀតណាម ឈ្មោះ NGUYEN THE SU ជាប្រធានក្រុម ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។ ចំពោះ ជនបរទេសដែលលួកស្នាក់នៅខុសច្បាប់ ៣៩នាក់ សមត្ថកិច្ច កំពុងស្នើសុំកិច្ចសហការទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចំណាត់ការបន្ត។ ចំណែក ផ្ទះជួលទាំង ២ទីតាំងខាងលើ ត្រូវបានបិទជាបណ្តោះអាសន្ន៕