ភ្នំពេញ៖ សមត្ថកិច្ចកម្ពុជា កាលពីថ្ងៃទី ១៤ និងថ្ងៃទី១៥ កក្កដា ២០២៥ កន្លងទៅនេះ បានបើកយុទ្ធនាការ ចុះបង្ក្រាប«ទីតាំងឆបោកអនឡាញ» ចំនួន២ទីតាំងក្នុងរាជធានីភ្នំពេញ ហើយបានឃាត់ខ្លួនមនុស្សជាង២០០នាក់។ ក្នុងចំណោមអ្នកដែលត្រូវបានឃាត់ខ្លួន មានជនជាតិវៀតណាមច្រើនជាងគេ ជនជាតិខ្មែរ និងជនជាតិចិន។
ក្នុងចំណោមទីតាំងពីរនោះ គឺទីតាំងទី១ ស្ថិតនៅក្នុង សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក ដោយបានចុះបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកអនឡាញ (Online Scams) ដោយបានចាប់ខ្លួនជនសង្ស័យ ជនជាតិវៀតណាម និងខ្មែរសរុប ២៣៤នាក់ ក្នុងនោះមានជនជាតិវៀតណាម សរុបចំនួន ១៤៩នាក់, និងជនជាតិខ្មែរសរុបចំនួន ៨៥នាក់។ ការបង្ក្រាបនេះត្រូវបានធ្វើឡើងនៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការសហការពីតុលាការ និងកម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងអនុវត្ត នីតិវិធីអន្តោប្រវេសន៍ចំពោះជនជាតិវៀតណាមដែលពាក់ព័ន្ធ និងបានប្រគល់ជនជាតិខ្មែរចំនួន ៦៧នាក់ ស្រី ១២នាក់ ព្រមទាំងមធ្យោបាយសម្ភារៈ ជូនស្នងការដ្ឋានរាជធានីភ្នំពេញដើម្បីបន្តអនុវត្តនីតិវិធី ខណៈអនុវត្តវិធានការអប់រំណែនាំដល់អ្នកពាក់ព័ន្ធផ្សេងទៀត និង បានប្រគល់ជូនទីតាំងអគារជូនម្ចាស់អគារគ្រប់គ្រងបន្តវិញ។
ចំណែកឯ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ សមត្ថកិច្ចបានចុះបង្រ្កាបទីតាំងលួចលាក់បង្កប់បទល្មើសឆបោកអនឡាញ (Online Scams) ១ផ្សេងទៀត ដែលទីតាំងទី១មានស្ថិតក្នុង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ហើយបានឃាត់ខ្លួនមនុស្សមានសញ្ជាតិចិនសរុបចំនួន០៣នាក់ និងសម្ភារៈដែលជាវត្ថុតាងមួយចំនួន រួមមានកុំព្យូទ័រ ចំនួន ៤៧គ្រឿង, Laptop ចំនួន ១៩គ្រឿង, iPad ចំនួន ១ គ្រឿង, ទូរស័ព្ទ ចំនួន ២៨គ្រឿង, ទូរដែក ចំនួន ៦គ្រឿង។
គួរបញ្ជាក់ថា កិច្ចបង្រ្កាបនេះត្រូវបានធ្វើឡើងដោយកម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ ដោយសហការជាមួយអាជ្ញាធរ និង សមត្ថកិច្ចពាក់ព័ន្ធ។ បច្ចុប្បន្ន អ្នកដែលត្រូវបានឃាត់ខ្លួន និងសម្ភារៈ ត្រូវបានប្រគល់ជូនស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីបន្តអនុវត្តនីតិវិធី ដោយឡែកទីតាំងអគារខាងលើត្រូវបានបិទឃ្លុំជាបណ្តោះអាសន្ន៕