ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅល្ងាចថ្ងៃទី ៩ វិច្ឆិកានេះ បានចេញសេចក្ដីប្រកាសថា រកឃើញវិជ្ជមានកូវីដ-១៩ លើតំណាងរាស្ដ្រ និងមន្ដ្រី សរុបចំនួន៣រូបបន្ថែមទៀត ដែលពាក់ព័ន្ធជាមួយគណៈប្រតិភូរដ្ឋមន្ដ្រីការបរទេសហុងគ្រី។
យោងតាមសេចក្តីប្រកាសព័ត៌មាន មន្ដ្រីចំនួន៣រូបទៀតដែលរកឃើញវិជ្ជមានកូវីដ-១៩ ឯកឧត្តម សួស យ៉ារ៉ា តំណាងរាស្ដ្រ និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សរ ចិត្រា អគ្គលេខាធិការរង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកអគ្គរដ្ឋទូតហុងគ្រី ប្រចាំកម្ពុជា។
បើតាមក្រសួងសុខាភិបាល ករណីសរុបដែលបានរកឃើញអ្នកមានវីរុសកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ៣វិច្ឆិកា គិតត្រឹមម៉ោង៥ល្ងាច ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ មានចំនួន០៤នាក់។ក្រុមការងារក្រសួងសុខាភិបាល កំពុងបន្តការយកវត្ថុសំណាកអ្នកប៉ះពាល់លើកទី២ និងកំពុងរងចាំលទ្ធផលដែលត្រូវផ្តល់មកក្រសួងជាបន្តបន្ទាប់ នៅពេលធ្វើការវិភាគរួច ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ហើយក្រសួងនឹងបន្តជូនដំណឹងជូនសាធារណជនបន្តទៀត នៅពេលទទួលបានលទ្ធផលជាបន្តបន្ទាប់ និងប្រសិនបើមានការវិវត្តន៍ថ្មីៗ ពាក់ព័ន្ធទៅនៃព្រឹត្តការណ៍០៣វិច្ឆិកានេះ៕

