ភ្នំពេញ៖ អត្តពលិកក្រសួងមហាផ្ទៃ បានមេដាយសរុប ៦២គ្រឿង រួមមានមេដាយមាស ២២គ្រឿង ប្រាក់ ២២គ្រឿង និងសំរឹទ្ធ ១៨គ្រឿង ពីការចូលរួមក្នុងព្រឹត្តិការណ៍ប្រកួត កីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក (World Police & Fire Games) លើកទី២១ ឆ្នាំ២០២៥ ដែលបានប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុង Birmingham រដ្ឋ Alabama សហរដ្ឋអាមេរិក។
នៅក្នុងព្រឹត្តិការណ៍ប្រកួត «កីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក» រួមមានកីឡាជឺជីតស៊ូ វាយសី ចំបាប់និងចំបាប់កាច់ដៃ កីឡាយូដូ កីឡា ការ៉ាតេ កីឡាហែលទឹក កីឡាវាយកូនឃ្លីលើតុ កីឡាបាល់ទះ និងកីឡាតេខ្វាន់ដូ។ ក្នុងចំណោមកីឡាទាំង៩ កីឡាជឺជីតស៊ូ កម្ពុជាបានមេដាយមាសរហូតដល់ចំនួន៨ ដែលជាចំនួនលើសកីឡាដទៃដែលភាគច្រើនបានមេដាយមាសចន្លោះ១ទៅ៣។ ចំណែកឯកីឡាដែលបានមេដាយសរុបច្រើនជាងគេ កីឡាចំបាប់ និងចំបាប់កាច់ដៃ ដែលបានមេដាយសរុបរហូត១៩។
ដើម្បីជាការអបអរសាទរសមិទ្ធផលនេះ លោក ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានរៀបរាប់ថា «ការសម្រេចបានសមិទ្ធផលនេះ ពិតជាបានរួម ចំណែកលើកស្ទួយកិត្យានុភាពរបស់ក្រសួងមហាផ្ទៃ នៅលើឆាកអន្តរជាតិ ជាពិសេសបាន បង្ហាញពីសមត្ថភាពកងកម្លាំងនគរបាលជាតិ ដែលបានខិតខំបំពេញភារកិច្ចក្នុងការចូលរួម ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ហើយបានយកអស់កម្លាំង កាយចិត្ត និងការប្តេជ្ញាចិត្តខ្ពស់ប្រឹងប្រែងហ្វឹកហាត់រហូតទទួលបានជោគជ័យជូនជាតិមាតុភូមិ។»៕