681 ezgif.com resize
Swift cc time

ធនាគារ ARDB ជាមួយក្រុមហ៊ុនឯកជន ពិនិត្យប្រមូលទិញ«ដំឡូងមីក្រៀម»ពីកសិករនៅតាមព្រំដែនកម្ពុជា-ថៃ ដើម្បីបន្តនាំទៅទីផ្សារចិន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និង ប្រធានក្រុមហ៊ុនហង្ស ហាវេស ដែលជាក្រុមហ៊ុននាំចេញដំឡូងមីដ៏ធំទៅទីផ្សារចិននៅ រសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥នេះ បានចុះពិនិត្យមើលទីលានហាល និងឃ្លាំងស្តុកទុកដំឡូងមីក្រៀម ដែលមានទីតាំង ស្ថិតខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ ក្នុងគោលបំណងប្រមូលទិញដើម្បីនាំចេញទៅទីផ្សារប្រទេសចិន ក៏ដូចជាជួយដោះស្រាយបញ្ហាប្រឈមរឿងទីផ្សារដំឡូងមីរបស់ប្រជាកសិករនៅតាមព្រំដែនកម្ពុជា-ថៃ។

ក្រោយការស្តាប់មតិលើកឡើង និងការបញ្ជាក់ពីប្រជាពលរដ្ឋ ព្រមទាំង ម្ចាស់ទីលានហាល និងពាណិជ្ជករអ្នកប្រមូលទិញប្រមាណ១០ទីតាំងខាងលើ លោកបណ្ឌិត កៅ ថាច បានណែនាំឲ្យម្ចាស់ឃ្លាំង និងក្រុមអ្នកប្រមូលទិញត្រូវ សហការជាមួយក្រុមហង្ស ហាវេស ដែលជាអ្នកនាំចេញធំ និងធនាគារ ARDB លើផ្នែកឥណទាន ដែលមានអត្រាការប្រាក់អនុគ្រោះផងដែរ។ បន្ថែមពីនេះ ក្នុងនាមធនាគារ ARDB លោកបណ្ឌិត កៅ ថាច បានអំពាវនាវដល់ពាណិជ្ជករនិងឈ្មួញឱ្យបន្តប្រមូលទិញដំឡូមីពីបងប្អូនកសិករបន្ថែមទៀត ហើយធនាគារ ARDB នៅតែបន្តគាំទ្រផ្នែកឥណទាន ដើម្បីដោះស្រាយបញ្ហាចំពោះមុខរបស់ប្រជាកសិករនឹងលើកកម្ពស់សេដ្ឋកិច្ចជនបទ។

ទន្ទឹមនោះ លោកបណ្ឌិតប្រតិភូក៏បានស្នើឲ្យបងប្អូន ដែលធ្វើពាណិជ្ជកម្មដំឡូងមី ត្រូវប្រើប្រាស់រូបិយវត្ថុជាតិគឺប្រាក់រៀល ក្នុងប្រតិបត្តិការទិញ-លក់កសិផលនៅតាមមូលដ្ឋានរាងៗខ្លួនដើម្បីកាត់បន្ថយនូវហានិភ័យនៃអត្រាប្តូរប្រាក់។

នៅក្នុងឆ្នាំ២០២៥ និងឆ្នាំ២០២៦ខាងមុខនេះ ក្រុមហ៊ុន ហង្ស ហាវេស អេហ្រ្គីខលឈ័រ បាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមទៅប្រទេសចិន ក្នុងរង្វង់ ២០ម៉ឺនតោន ។

គួរបញ្ជាក់ថា ក្នុងមួយឆ្នាំៗ ដំឡូងមីកម្ពុជាត្រូវបានផលិតដោយកសិករលើផ្ទៃដីដាំដុះប្រមាណជាង ៨៤ ម៉ឺនហិកតា ផ្តល់ទិន្នផលស្រស់ប្រមាណ ១៥ លានតោន ជាមួយផលសេដ្ឋកិច្ចប្រមាណណ ១,២៥៥ លានដុល្លារ គិតត្រឹមឆ្នាំ២០២៤។ ជាមួយគ្នានេះ ពោតក្រហមត្រូវបានដាំដុះលើផ្ទៃដីប្រមាណជាង ២៨ ម៉ឺនហិកតា ផ្តល់ទិន្នផលស្រស់ប្រមាណ ១ លានតោន ផ្តល់ផលសេដ្ឋកិច្ចប្រមាណជាង ២០០ លានដុល្លារ៕


Khcct banner

អត្ថបទទាក់ទង