ភ្នំពេញ៖ ក្រសួងមហាផ្ទៃ សហការជាមួយអង្គការភ្លែនអន្តរជាតិកម្ពុជា បានគូរប្លង់បង្គន់អនាម័យស្តង់ដាប្រកបដោយបរិយាបន្ននៅសាលាឃុំ សង្កាត់ ដើម្បីលើកកម្ពស់អនាម័យបរិស្ថាន និងសោភណភាពនៅតាមមូលដ្ឋ សម្រួលដែលប្រជាពលរដ្ឋ ចាស់ជរា ស្ត្រីមានផ្ទៃពោះ កុមារ ជនមានពិការភាពដែលមកស្នើសុំ និងទទួលសេវា រដ្ឋបាល នៅសាលាឃុំ សង្កាត់ និងក្រុមប្រឹក្សា បុគ្គលិកបម្រើការងារនៅរដ្ឋបាលឃុំ សង្កាត់អាចប្រើប្រាស់បាន សមរម្យ ប្រកបដោយអនាម័យ និងផាសុកភាព។
បើតាមក្រសួងមហាផ្ទៃ ករណីរដ្ឋបាលឃុំ សង្កាត់មានផែនការ ឬតម្រូវការចាំបាច់ក្នុងការសាងសង់បង្គន់នៅតាមសាលាឃុំ សង្កាត់ ត្រូវចាត់ចែងអនុវត្តឱ្យបានត្រឹមត្រូវតាមប្លង់បង្គន់អនាម័យស្តងដាប្រកបដោយបរិយាបន្ននេះ។ ក្នុងពេលដំណើរការសាងសង់ រដ្ឋបាលរាជធានី ខេត្ត អាចស្នើមកអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដើម្បីស្នើសុំការគាំទ្រពិនិត្យផ្នែកបច្ចេកទេស និងរចនាបថឱ្យបានត្រឹមត្រូវស្របតាមគំរូប្លង់ជាធរមាន។
ប្លង់បង្គន់អនាម័យស្តង់ដានេះ ធ្វើឡើងស្របតាមកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការរវាងអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងអង្គការក្លែនអន្តរជាតិកម្ពុជា ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤៕