ភ្នំពេញ៖ លោក ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ មានប្រសាសន៍ថា ករណីទាហានឈុតខ្មៅថៃ បានលួចវ៉ៃប្រហារដោយដៃ មកលើកងទ័ពកម្ពុជាទាំងមិនដឹងខ្លួន កាលពីថ្ងៃទី១៣ កក្កដាម្សិលមិញនេះ ជាអំពើបង្ហាញភាពកំសាក និងសកម្មភាពបង្កហេតុ ដើម្បីបង្កើនភាពតានតឹងបញ្ហាព្រំដែន រវាងប្រទេសទាំងពីរ។
លោក ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានបញ្ជាក់ថា កម្ពុជាតែងតែរក្សាភាពស្ងប់ស្ងាត់ និងអត់ធ្មត់បំផុតចំពោះរាល់ការបង្កហេតុពីភាគីថៃ ដែលមានបំណងធ្វើឱ្យស្ថានការណ៍កាន់តែតានតឹង ជាពិសេសចាប់តាំងពីការបាញ់សម្លាប់ទាហានកម្ពុជាកាលពីថ្ងៃទី ២៨ ឧសភា និងសកម្មភាពជាបន្តបន្ទាប់ផ្សេងទៀត ដែលបង្កឡើងដោយចេតនា។
លោក ហ៊ុន ម៉ានី ចាត់ទុកសកម្មភាពលួចវ៉ៃប្រហារដោយដៃរបស់ទាហានឈុតខ្មៅថៃ មកលើទាហានកម្ពុជា កាលពីថ្ងៃទី១៣ កក្កដា ទោះបីជាការប្រព្រឹត្តទៅដោយរៀបចំទុកមុន ទោះបីមិនបានដឹងឮពីខាងអាជ្ញាធរផ្លូវការ ឬជាការប្រព្រឹត្តផ្ទាល់ខ្លួន ការពិតនៅតែមានដែលថា សកម្មភាពទាំងនេះជាការប្រឆាំងនឹងកម្ពុជា ដែលរួមទាំងការគម្រាមផ្តាច់អ៊ីនធឺណិត ការលក់ប្រេង និងអគ្គិសនី នាពេលកន្លងមក។
បើតាមរដ្ឋមន្រ្តីរូបនេះ កម្ពុជានឹងបន្តតាមដានយ៉ាងដិតដល់ថាសកម្មភាពនេះ ធ្វើឡើងដោយនរណា ហើយការតាមដាននេះ នឹងនៅតែបន្ត ទោះបីជាសកម្មភាពនេះ ពាក់ព័ន្ធជាមួយអាជ្ញាធរថៃ ឬដោយប្រជាជនធម្មតាផ្ទាល់ខ្លួនក៏ដោយ។ ប្រជាជនកម្ពុជា និងពិភពលោក នឹងឃ្លាំមើល និងធ្វើការវិនិច្ឆ័យលើទង្វើញុះញង់ និងឈ្លានពានមកលើកម្ពុជា និងប្រជាជនកម្ពុជា៕
គួរបញ្ជាក់ថា ការប្រកាសនេះ បន្ទាប់ពីមានហេតុការលួចវ៉ៃប្រហារដោយដៃដោយទាហានឈុតខ្មៅថៃ មកលើទាហានកម្ពុជា កាលពីថ្ងៃទី១៣ ខែកក្កដា នៅប្រាសាទតាមាន់ធំ ដោយទាហានឈុតខ្មៅ បានលួចវ៉ៃទាហានកម្ពុជាពីក្រោយ ពេលមកសុំចាប់ដៃទាហានកម្ពុជាកំពុងប្រចាំការនៅលើប្រាសាទតាមាន់ រួចហើយរត់ទៅបាត់៕