ខេត្តកំពង់ធំ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB និងជាសមាជិកយុវជនគណបក្សថ្នាក់កណ្តាល តំណាងសហគ្រិនវ័យក្មេង នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះបានអញ្ជើញចូលរួមថ្លែងសុន្ទរកថា នៅក្នុងសិក្ខាសាលាស្តីពីកាលានុវត្តភាព និងទិសដៅវិនិយោគសម្រាប់អនាគត ដែលសហការរៀបចំដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងយុវជនគណបក្សថ្នាក់កណ្តាល ផ្នែកសហគ្រិនវ័យក្មេង ដែលគាំទ្រដោយធនាគារARDB។
លោកបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា នៅក្នុងសិក្ខាសាលានៅថ្ងៃនេះ ដែលរៀបចំឡើងដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងយុវជនគណបក្សថ្នាក់កណ្តាលផ្នែកសហគ្រិន គឺពិតជាមានសារៈសំខាន់ណាស់ ហើយបានកោតសរសើរដល់សហគ្រិនវ័យក្មេង ស្របពេលដែលសេដ្ឋកិច្ចពិភពកំពុងតែមានភាពមិនប្រាកដប្រជា ប៉ុន្តែសេដ្ឋកិច្ចកម្ពុជាកំពុងតែមានការងើបឡើងវិញបន្តិចម្ដងៗ ដែលបង្ហាញឲ្យឃើញនូវសូចនាករមួយនៃការជំរុញសេដ្ឋកិច្ចក្នុងស្រុកផងដែរ។
លោកបន្ដថា សហគ្រិនមិនត្រឹមតែបង្កើតអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការចូលរួមចំណែកនៃការកសាងជាតិរ ជាពិសេស ការបង្កើតអាជីវកម្មបៃតង និងសេដ្ឋកិច្ចបៃតងជាដើម។ សម្រាប់លោកបណ្ឌិត កៅ ថាច មានប្រសាសន៍បញ្ជាក់ថា បើយើងក្រឡែកមើលជាក់ស្តែង តាមពិតទៅវិស័យកសិកម្មកម្ពុជានៅតែបន្តរក្សាបាននូវស្ថេរភាពល្អ ទោះបីស្ថានភាពសេដ្ឋកិច្ចសកលមានភាពមិនច្បាស់លាស់ក៏ដោយហើយកំណើនវិស័យកសិកម្មទៀតសោធត្រូវបានគាំទ្រ ជាមួយអនុវិស័យមួយចំនួនដូចជា ដំណំាស្រូវ ដំណាំស្វាយចន្ទី ដំណាំកៅស៊ូ និងដំណំាដំឡូងមីជាដើម។
ទន្ទឹមនោះ លោកបណ្ឌិតបានរំលឹកថា បច្ចុប្បន្ននេះ វិស័យកសិកម្មនេះកំពុងធ្វើធ្វើបដិវត្តន៍កម្មបែបទំនើប ដោយប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ទទួលបានទិន្នផលខ្ពស់ ក្នុងចក្ខុវិស័យឈានទៅរកការធ្វើកសិកម្មប្រកបដោយចីរភាពនិងធានាបានបរិយាបន្នសេដ្ឋកិច្ច តាមរយ:ការទទួលបានការគាំទ្រហិរញ្ញពីរាជរដ្ឋាភិបាល។ បន្ថែមពីនេះ លោកផ្តល់អនុសាសន៍ថា ការបង្កើតធុរកិច្ចរបស់សហគ្រិននីមួយៗមិនត្រឹមផលចំនេញទេ ប៉ុន្តែគឺជាការចូលរួមកសាងជាតិយ៉ាងសកម្មជាពិសេសការវិនិយោគទៅអនាគត។
គួរបញ្ជាក់ថា កម្មវិធីនេះ មានការអញ្ជើញចូលរួមពីលោក នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាសមាជិកយុវជនគណបក្សថ្នាក់កណ្តាល, អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាសមាជិកគណៈកម្មាធិការកណ្តាលយុវជនគណបក្សថ្នាក់កណ្តាល, នាយកប្រតិបត្តិសហគ្រិនខ្មែរ, និង ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជាផងដែរ៕