ភ្នំពេញ៖ ក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ ពោលគិតចាប់ពីខែមករា-មិថុនា ទំហំពាណិជ្ជកម្មកម្ពុជាជាមួយបណ្តាប្រទេសនានានៅជុំវិញពិភពលោកសម្រេចបានជាង ៣០,៥ពាន់លានដុល្លារ កើនឡើង ១៧,២ ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
បើតាមរបាយការណ៍ ក្នុងរយៈពេល៦ខែ ឬក្នុងឆមាសទី១នេះ កម្ពុជាសម្រេចការនាំចេញទៅទីផ្សារអន្តរជាតិក្នុងទឹកប្រាក់ចំនួនជាង ១៤ពាន់លានដុល្លារ កើនឡើង១៦,២ ភាគរយ និងនាំចូលមកវិញក្នុងទឹកប្រាក់ចំនួនជាង ១៦ពាន់លានដុល្លារ កើនឡើង ១៨ ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។
បណ្តាប្រទេសជាដៃគូពាណិជ្ជកម្មសំខាន់ៗទាំង១០របស់កម្ពុជាក្នុងរយៈពេល៦ខែនេះមានដូចជា៖ ទី១ ចិន ក្នុងទំហំទឹកប្រាក់ ៩,២៧ពាន់លានដុល្លារ ក្នុងនោះ កម្ពុជាបាននាំចេញទៅចិនជាង ៧៥០លានដុល្លារ និងនាំចូលមកវិញមានជាង ៨,៥ពាន់ដុល្លារ។ ចំណែកសហរដ្ឋអាម៉េរិកស្ថិតនៅលំដាប់ទី២ សម្រេចបានការធ្វើពាណិជ្ជកម្មជាមួយកម្ពុជាក្នុងទំហំទឹកប្រាក់ជាង ៥,៦ពាន់លានដុល្លារ កើនឡើង២៥.៦% ក្នុងនោះកម្ពុជានាំចេញទៅអាម៉េរិកមានជាង ៥,៥ពាន់លានដុល្លារ និងនាំមកកម្ពុជាវិញជាង ១៦៤លានដុល្លារ។ លំដាប់ទី៣គឺវៀតណាម ដែលមានទំហំពាណិជ្ជកម្ម ៤,៣ពាន់លានដុល្លារ, បន្ទាប់មកមានថៃ ជប៉ុន កាណាដា អាល្លឺម៉ង់ ឥណ្ឌូនេស៊ី អេស៉្បាញ អង់គ្លេសជាដើម។
មុខទំនិញសំខាន់ៗដែលកម្ពុជាបាននាំចេញទៅទីផ្សារអន្តរជាតិមានដូចជា៖ សម្លៀកបំពាក់ ស្បែកជើង កាបូប គ្រឿងសង្ហារឹម កៅស៊ូនិងផលិតផលធ្វើពីកៅស៊ូ ម៉ាស៊ីន ឧបករណ៍អគ្គិសនី ប្រដាប់ក្មេងលេង ធញ្ញជាតិ ផលិតផលធ្វើពីឈើ ផ្លែឈើនិងគ្រាប់ផ្លែឈើដែលអាចហូបបាន គ្រឿងទេស បន្លែនិងផលិតផលកែច្នៃពីបន្លែ និងវត្ថុវាយនភ័ណ្ឌកែច្នៃរួចជាដើម។ នេះបើតាមរបាយការណ៍៕