ភ្នំពេញ៖ ក្រសួងបរិស្ថាន នឹងរៀបចំពិព័រណ៍«ពន្លកបៃតង» និងប្រកាសព្រឹត្តិការណ៍ដាំដើម ត្នោតមួយលានដើម នៅទូទាំងប្រទេសក្នុងឆ្នាំ២០២៥ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅ វិមានឈ្នះ-ឈ្នះ រាជធានីភ្នំពេញ។ ក្រសួងបរិស្ថាននឹងធ្វើការចែកកូនឈើជាច្រើនប្រភេទ ដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋ ដើម្បីយកទៅដាំតាមលំនៅឋាន។
ក្នុងអំឡុងពេល៣ថ្ងៃនៃព្រឹត្តិការណ៍នេះ នឹងមានការដាក់តាំងបង្ហាញសមិទ្ធផលនានា របស់ក្រសួង បរិស្ថាន អង្គការជាតិ និងអន្តរជាតិ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសមាគមយុវជន ព្រមទាំងផលិតផលខ្មែរ និងផលិតផលជីវៈចម្រុះពីសហគមន៍។
ទន្ទឹមនឹងនេះ ក្រសួងបរិស្ថាននឹងធ្វើការចែកកូនឈើជាច្រើនប្រភេទ ដោយឥតគិតថ្លៃ ជូនដល់សាធារណជន ដើម្បីយកទៅដាំតាមលំនៅឋាន វត្តអារាម សាលារៀន សហគមន៍ តំបន់ការពារធម្មជាតិ និងទីសាធារណៈផ្សេងៗ ដែលជាការលើកទឹកចិត្ត ឱ្យប្រជាពលរដ្ឋទាំងអស់ ស្រឡាញ់និងចូលរួមដាំដើមឈើ បង្កើនវិសាលភាពគម្របព្រៃឈើនៅកម្ពុជា សំដៅឆ្ពោះទៅសម្រេចការ អភិវឌ្ឍប្រកបដោយអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។
ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រឆ្នាំនេះ ក៏ជាការបង្ហាញដល់សហគមន៍អន្តរជាតិ អំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការចូលរួមឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ជាសកលផងដែរ៕