681 ezgif.com resize
Swift cc time

ក្រុមហ៊ុនល្បីឈ្មោះផ្នែកអាកាសចរណ៍របស់បារាំង ចាប់អារម្មណ៍ពង្រីកការវិនិយោគលើវិស័យគន្លឹះនៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្រុមហ៊ុនល្បីឈ្មោះផ្នែកអាកាសចរណ៍របស់បារាំង VINCI Airports មានចំណាប់អារម្មណ៍វិនិយោគលើវិស័យផ្សេងៗទៀត ដូចជា វិស័យថាមពលស្អាត និងទឹកស្អាត នៅកម្ពុជា ដែលក្រុមហ៊ុនរំពឹងថានឹងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចដែលជាការវិនិយោគ ឈ្នះ ឈ្នះ រវាងរាជរដ្ឋាភិបាល និងវិស័យឯកជន។ ចំណាប់អារម្មណ៍នេះត្រូវបានលើកឡើងក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥។

ក្នុងជំនួបនេះ លោក Nicolas NOTEBAERT ប្រធានក្រុមហ៊ុន VINCI Airports និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន SCA បានគូសបញ្ជាក់ពីការកើនឡើងគួរឱ្យកត់សម្គាល់នៃចំនួនអ្នកធ្វើដំណើរតាមយន្តហោះ ដែលក្នុងរយៈពេល ៣០ឆ្នាំ មកនេះ ចំនួនអ្នកធ្វើដំណើរមានការកើនឡើងប្រមាណជា ៤០ដង បើប្រៀបធៀបទៅនឹងឆ្នាំ១៩៩៥។ លើសពីនេះ លោកបានជម្រាបជូនដោយសង្ខេបអំពីដំណើរការ និងប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដែលបច្ចុប្បន្នក្រុមហ៊ុនកំពុងតែមមាញឹកដើម្បីត្រៀមលក្ខណៈ ខណៈពេលដែលអាកាសយានដ្ឋានអន្តរជាតិតេជោ គ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ។

ក្រៅពីវិស័យអាកាសចរណ៍ លោកប្រធានក្រុមហ៊ុនក៏បានបន្ថែមថា ក្រុមហ៊ុនក៏មានចំណាប់អារម្មណ៍វិនិយោគលើវិស័យផ្សេងៗទៀត ដូចជា វិស័យថាមពលស្អាត និងទឹកស្អាត នៅកម្ពុជា ដែលក្រុមហ៊ុនរំពឹងថានឹងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចដែលជាការវិនិយោគ ឈ្នះ ឈ្នះ រវាងរាជរដ្ឋាភិបាល និងវិស័យឯកជន។

ជាមួយគ្នានេះ សម្ដេច ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃអាជីវកម្មរបស់ក្រុមហ៊ុន VINCI Airports នៅកម្ពុជា ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការជំរុញកំណើនសេដ្ឋកិច្ចជាតិ និង ជាពិសេស, ការរួមចំណែកដល់ការជំរុញកំណើនភ្ញៀវទេសចរអន្តរជាតិ មកកម្ពុជា ព្រមទាំងបានអបអរសាទរចំពោះខួបទី៣០ នៃភាពជាដៃគូរវាងក្រុមហ៊ុនVINCI និងកម្ពុជា(១៩៩៥-២០២៥)។

ចំពោះបំណងនៃការពង្រីកការវិនិយោគបន្ថែមលើវិស័យផ្សេងៗរបស់ក្រុមហ៊ុន សម្ដេចបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តទំនាក់ទំនងឱ្យកាន់តែល្អប្រសើរថែមទៀតជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ហើយសម្ដេចបវរធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានត្រៀមខ្លួនរួចជាស្រេច ក្នុង ការគាំទ្រ និងតែងតែយកចិត្តទុកដាក់ចំពោះភាពជោគជ័យនៃការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា៕


Khcct banner

អត្ថបទទាក់ទង