681 ezgif.com resize
Swift cc time

អាស៊ានបន្តប្តេជ្ញាមិនឱ្យតំបន់មាន «អាវុធនុយក្លេអ៊ែរ និង អាវុធប្រល័យពូជសាសន៍»

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ម៉ាឡេស៊ី៖ រដ្ឋមន្ត្រីការបរទេសអាស៊ាន នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ បានជួបជាមួយនឹងតំណាងគណៈកម្មការ អន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស និងកិច្ចប្រជុំគណៈកម្មការតំបន់ អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ។ ជាលទ្ធផល អាស៊ានបន្តប្តេជ្ញាមិនឱ្យតំបន់មាន «អាវុធនុយក្លេអ៊ែរ និង អាវុធប្រល័យពូជសាសន៍»។

យោងតាមសេចក្តីប្រកាសព័ត៌មាននៃក្រសួងការបរទេសនាថ្ងៃ៩ កក្កដា ២០២៥ បានឱ្យដឹងថាលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមជំនួបរវាងរដ្ឋមន្ត្រី ការបរទេសអាស៊ានជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (AICHR) និងកិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ (SEANWFZ) នៅ ទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ ។

បើតាមក្រសួងការបរទេស កិច្ចប្រជុំនេះ ផ្តោតលើសិទ្ធិមនុស្ស និង តំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ។ នៅក្នុងជំនួបរវាងរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុក សិទ្ធិមនុស្ស កិច្ចប្រជុំបានកត់សម្គាល់លើរបាយការណ៍ប្រចាំឆ្នាំ២០២៥ (ពីខែកក្កដា ឆ្នាំ២០២៤ ដល់ ខែមិថុនា ឆ្នាំ២០២៥) របស់ AICHR និងបានឯកភាពលើកម្មវិធី/សកម្មភាពអាទិភាពរបស់ AICHR សម្រាប់ឆ្នាំ២០២៦។

ចំណែកឯ កិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់អាស៊ាន ក្នុងការរក្សាអាស៊ីអាគ្នេយ៍ជាតំបន់ គ្មានអាវុធនុយក្លេអ៊ែរ និងអាវុធប្រល័យពូជសាសន៍ផ្សេងទៀត អនុលោមតាមធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញា SEANWFZ ។ កិច្ចប្រជុំបានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការអនុវត្តសន្ធិសញ្ញានេះឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព តាមរយៈផែនការសកម្មភាព ឆ្នាំ២០២៣-២០២៧។

នៅក្នុងកិច្ចប្រជុំនេះ លោក ប្រាក់ សុខុន បានគូសបញ្ជាក់ពីសារៈសំខាន់កាន់តែខ្លាំង ឡើងនៃសន្ធិសញ្ញា SEANWFZ ក្នុងបរិបទនៃទិដ្ឋភាពភូមិសាស្ត្រនយោបាយសកលនាពេល បច្ចុប្បន្ន និងការកើនឡើងនៃបញ្ហាប្រឈមចំពោះតំបន់មិនរីកសាយអាវុធនុយក្លេអ៊ែរ និងបានរំលឹកឡើងវិញនូវការអំពាវនាវរួមគ្នារបស់អាស៊ានសម្រាប់រដ្ឋអាវុធនុយក្លេអ៊ែរ (NWS) ឱ្យទទួលស្គាល់ជាផ្លូវការនូវសន្ធិសញ្ញា SEANWFZ៕

Khcct banner

អត្ថបទទាក់ទង