ភ្នំពេញ៖ ក្រសួងសុខាភិបាល អំពាវនាវឲ្យពលរដ្ឋប្រយ័ត្នជំងឺគ្រុនឈាមក្នុងអំឡុងពេលរដូវវស្សានេះ ដោយជំងឺគ្រុនឈាម មាននិន្នាការកើនឡើងចាប់តាំងពីចុងខែមេសា ឆ្នាំ២០២៥ និងអាចបន្តកើនជាបន្តបន្ទាប់ ដោយសារមានកំណើនទឹកភ្លៀង។
ការប្រកាសនេះ បន្ទាប់ពីឃើញមាននិន្នាការកើនឡើងចាប់តាំងពីចុងខែមេសា ឆ្នាំ២០២៥ និងអាចបន្តកើនជាបន្តបន្ទាប់ ដោយសារ មានកំណើនទឹកភ្លៀង ដែលបង្កឱ្យមានទឹកដក់នៅក្នុងវត្ថុដក់ទឹក ដូចជា សំបកកង់ឡាន សំបកកង់ម៉ូតូចាស់ៗ ត្រឡោកដូង កែវ ចានជ័រ ក្រឡដែលបោះបង់ចោល ពាង អាង ធុងដាក់ទឹក ទឹកថូផ្កា បានទ្រជើងតុ ទូ និងពែង ដែលបង្កើតជាប្រភពដក់ទឹក និងជំរកសត្វមូសខ្លា។
ក្រសួងសុខាភិបាល ក្រើនរំលឹកប្រជាពលរដ្ឋទាំងអស់ ចូលរួមចលនាកាត់បន្ថយ តាមដាន និងទប់ស្កាត់ការកកើតសត្វមូស ដោយប្រកាន់ខ្ជាប់នូវគោលជំហរ ស្របនឹងពាក្យស្លោក «ខ្ញុំ និងគ្រួសារខ្ញុំ ជាគ្រួសារគំរូ ព្រោះផ្ទះខ្ញុំ និងលំនៅដ្ឋានរបស់ខ្ញុំ គ្មានដង្កូវទឹក»។
ក្រសួងណែនាំឲ្យអនុវត្តនូវវិធានការការពាររួមមាន៖ ត្រូវស្វែងរកការពិគ្រោះយោបល់ និងពិនិត្យព្យាបាល ជាបន្ទាន់នៅមណ្ឌលសុខភាពក្នុងអំឡុង៤៨ម៉ោងយ៉ាងតិច ប្រសិនបើមានរោគសញ្ញាគ្រុនក្ដៅខ្លួនខ្លាំងភ្លាមៗ ចាប់ពី ៣៩ ទៅ ៤០អង្សាសេ, ត្រូវកម្ចាត់ដង្កូវទឹកនៅតាមទីកន្លែងដែលមានទឹកដក់ ដូចជា ពាង អាងទឹក ថូផ្កា ចានទ្រជើងតុទូ ក្រឡ ធុង ខាប់ ជាដើម ដោយការផ្លាស់ប្តូរទឹក និងលាងសម្អាតជាប្រចាំឱ្យបានយ៉ាងតិចមួយដងក្នុងមួយអាទិត្យ ឬត្រូវគ្របគម្រប ឱ្យបានជិតល្អ ដាក់ថ្នាំបាណកឃាដសម្លាប់ដង្កូវទឹក ចិញ្ចឹមកូនត្រីប្រាំពីរពណ៌ ត្រូវកប់ ដុតកំទេចចោល ដើម្បីកុំឱ្យមានទឹកដក់, កាប់ឆ្ការ សម្អាតស្មៅស៊ុបទ្រុបជុំវិញផ្ទះឱ្យបានស្អាត៕