681 ezgif.com resize
Swift cc time

អ្នកស្រាវជ្រាវស្វែងរកឃើញប្រភេទសត្វកម្រ ជីងចក់ និងតុកកែ ជាប្រភេទកំណត់ត្រាថ្មីសម្រាប់ពិភពលោក ក្នុងតំបន់ប្រវត្តិសាស្រ្ត ខេត្តបាត់ដំបង

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

បាត់ដំបង៖ ក្រុមអ្នកស្រាវជ្រាវបានរកឃើញប្រភេទជីវៈចម្រុះថ្មីៗជាច្រើនក្នុងតំបន់ប្រវត្តិសាស្រ្ត ខេត្តបាត់ដំបង រួមមានសត្វតុកកែ,សត្វជីងចក់ និងខ្យងគោកដែលជាប្រភេទថ្មីសម្រាប់កម្ពុជានិងពិភពលោក។ ការស្រាវជ្រាវនេះ ធ្វើឡើងដោយក្រុមមន្រ្តីជំនាញនៃក្រសួងបរិស្ថាន និងដៃគូពាក់ព័ន្ធអន្តរជាតិជាច្រើនផ្សេងទៀត ក្នុងតំបន់ ភ្នំកំពីងពួយ ភ្នំបាណន់ ភ្នំសំពៅ និងភ្នំខ្ពស់ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។

ក្រុមអ្នកស្រាវជ្រាវបានរកឃើញ កាលពីខែមីនា ឆ្នាំ២០២៤ កន្លងទៅ សិក្សាលើប្រភេទជីវៈចម្រុះថ្មីនៅតំបន់ ភ្នំកំពីងពួយ ភ្នំបាណន់ ភ្នំសំពៅ និងភ្នំខ្ពស់ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។ ថ្មីៗនេះអ្នកវិទ្យាសាស្រ្តបានបង្ហាញលទ្ធផលលើការរកឃើញ លើប្រភេទជីវៈចម្រុះចំនួន៣ ជាប្រភេទកំណត់ត្រាថ្មីសម្រាប់ពិភពលោក ក្នុងនោះរួមមាន៖ តុកកែភ្នំកំពីងពួយ (Cyrtodactylus kampingpoiensis), ជីងចក់ស្លឹកបាត់ដំបង (Dixonius noctivagus), ជីងចក់ភ្នំខ្ពស់(Hemiphyllodactylus khpoh) រកឃើញនៅ ភ្នំកំពីងពួយ ភ្នំបាណន់ ភ្នំសំពៅ និងភ្នំខ្ពស់។ ការរកឃើញថ្មីនេះ ត្រូវបានចាត់ទុកថា ជាប្រភេទកំណត់ត្រាថ្មីសម្រាប់ពិភពលោក។

កន្លងមកថ្មីៗនេះអ្នកជំនាញបានរកឃើញនៅភ្នំបាណន់ និងថ្មកំបោរខេត្តបាត់ដំបងជាប្រភេទ «ខ្យងឧទយាទិត្យ»ជាកំណត់ត្រាថ្មីរបស់ពិភពលោកនិងត្រូវបានទទួលស្គាល់ថាជាប្រភេទខ្យងគោកថ្មីសម្រាប់វិទ្យាសាស្រ្ត។ អ្នកជំនាញបានឱ្យដឹងដែរថាការរកឃើញនេះ គឺជាខ្យងរស់ មិនមែនជាសំណាកខ្យងទេ ហើយវាមានចំនួនច្រើននៅតាមភ្នំថ្មកំបោរក្នុងខេត្តបាត់ដំបង ពិសេសនៅភ្នំបាណន់តែម្តង។

សូមបញ្ជាក់ថា តាមលទ្ធផលនៃកាសិក្សាស្រាវជ្រាវដោយដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិ(Camera trap) បានរកឃើញប្រភេទសត្វស្ថិតនៅក្នុងចំណាត់ថ្នាក់កំពុងរងគ្រោះថ្នាក់ជាសាកល រួមមាន សត្វពង្រូល, ក្ងោក, កែះ, ស្វាត្រោស, ស្វាក្តាម និងប្រភេទសត្វ មានដោយបង្គួរជាច្រើនទៀត ដូចជា សត្វឆ្កែចចក, ឆ្មាដាវ, ប្រម៉ា, ក្តាន់ញ៉ែងតូច និងជាពិសេសបានរកឃើញប្រភេទសត្វតុកកែ,សត្វជីងចក់ និងខ្យងគោកដែលជាប្រភេទថ្មីសម្រាប់កម្ពុជានិងពិភពលោក។

ភ្នំបាណន់ និងភ្នំសំពៅ គឺជាទីតាំងក្រុងបុរាណខ្មែរនាសម័យអង្គរ មានសិលាចារឹក ប្រាសាទបុរាណ ថ្មកំបោរដ៏កម្រ និងមានល្អាងជាច្រើន។ ក្រៅអំពីសក្តាសក្តានុពលតម្លៃជីវៈចម្រុះ និងធនធានធម្មជាតិ, តម្លៃវប្បធម៌ប្រវត្តិសាស្រ្ត, ភ្នំបាណន់ និងភ្នំសំពៅ គឺជាទីតាំងទាក់ទាញភ្ញៀវទេសចរទៅគោរពបូជាផ្នែកសាសនា, ទស្សនាព្រៃឈើ និងទស្សនាផ្ទាំងទស្សនីយ ភាពសត្វប្រចៀវ ហោះហើរចេញពីរូងជារៀងរាល់ថ្ងៃ នៅចន្លោះម៉ោង៥ ដល់ម៉ោង៦ល្ងាច ដែលផ្ទាំងទស្សនីយភាពនេះ អ្នកភូមិហៅហ្វូងប្រចៀវទាំងនោះថា«កងទ័ពប្រចៀវ» មានប្រមាណ ៥លានក្បាល។ សត្វប្រចៀវបានផ្តល់ប្រាក់ចំណូលដល់សហគមន៍មូលដ្ឋាន តាមរយៈប្រមូលអាចម៍ប្រចៀវពីក្នុងល្អាងនៃភ្នំទាំង២ ដែលក្នុងមួយឆ្នាំៗ ជាមធ្យមទទួលបាន ៣ម៉ឺនដុល្លារ ពីភ្នំបាណន់ និង២ម៉ឺនដុល្លារពីភ្នំសំពៅ៕


Khcct banner

អត្ថបទទាក់ទង