681 ezgif.com resize
Swift cc time

ទំហំផ្ទៃដីខេត្តកណ្តាល កើនឡើងពី ៣២៥១.៤៦ គីឡូម៉ែត្រក្រឡា មក៣២៧៨.៤៨ គីឡូម៉ែត្រក្រឡា ក្រោយការប្រែប្រួលភូមិសាស្រ្ត

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖ រដ្ឋបាលខេត្តកណ្តាល

កណ្តាល៖ រដ្ឋបាលខេត្តកណ្តាល បានប្រកាសពីការប្រែប្រួលទំហំផ្ទៃដី នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល ដោយប្រែប្រួលពីមុនឆ្នាំ២០២៥ ខេត្តកណ្តាលមានផ្ទៃដីទំហំ ៣២៥១.៤៦ គីឡូម៉ែត្រក្រឡា មកបច្ចុប្បន្នមានផ្ទៃដីកើនឡើងទំហំ ៣២៧៨.៤៨ គីឡូម៉ែត្រក្រឡា។ ការកើនឡើងផ្ទៃដីនេះ បន្ទាប់ពីបានកែសម្រួល ព្រំប្រទល់រដ្ឋបាលរវាងរាជធានី ភ្នំពេញ ខេត្តតាកែវ និងខេត្តកណ្តាល។

នៅមុនឆ្នាំ២០២៥ ខេត្តកណ្តាល មានផ្ទៃដីទំហំ ៣២៥១.៤៦គីឡូម៉ែត្រក្រឡា។ ដោយមានការកែសម្រួល ព្រំប្រទល់រដ្ឋបាលរវាងរាជធានី ភ្នំពេញ និងខេត្តកណ្តាល តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៣២៥/៣៧៥ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ដោយកាត់យកផ្ទៃដីទំហំ ២២៦ហិកតា ១ ៩៤០ ម៉ែត្រការ៉េ (ដែលមានដីគោកទំហំ ១៨១ហិកតា ៥ ០១៤ម៉ែត្រការ៉េ និងផ្ទៃទឹកទំហំ ៤៤ហិកតា ៦ ៩២៦ម៉ែត្រការ៉េ) ពីភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មកឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ទន្ទឹមនេះ មានការកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តតាកែវ និងខេត្តកណ្តាល តាមរយៈ ព្រះរាជក្រឹត្យលេខ នស/រកត/០៦២៥/៧៦០ ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ដោយកាត់យកផ្ទៃដីទំហំ ២ ៤៧៥ហិកតា ៦ ១៧៨ម៉ែត្រការ៉េ ពីឃុំព្រែកផ្ទោល និងឃុំគោកធ្លក នៃស្រុកអង្គរបុរី ខេត្តតាកែវ មកឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល ដោយកំណត់យកស្ទឹងអង្គរបុរីជាខ្សែព្រំប្រទល់រដ្ឋបាល។

ការកែសម្រួល ព្រំប្រទល់រដ្ឋបាលរវាងរាជធានី ភ្នំពេញ ខេត្តតាកែវ និងខេត្តកណ្តាល បានធ្វើឱ្យផ្ទៃដីខេត្តកណ្តាល មានការប្រែប្រួល ដែលបច្ចុប្បន្នមានផ្ទៃដីទំហំសរុប ៣២៧៨.៤៨ គីឡូម៉ែត្រក្រឡា៕

Khcct banner

អត្ថបទទាក់ទង