681 ezgif.com resize
Swift cc time

ធនាគារពិភពលោក មានបំណងរៀបចំគម្រោងថ្មី ដើម្បីបន្តគាំទ្រវិស័យសុខាភិបាលកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងសុខាភិបាល)

ភ្នំពេញ៖ ធនាគារពិភពលោក មានបំណងរៀបចំគម្រោងថ្មី ដើម្បីបន្តគាំទ្រវិស័យសុខាភិបាល ពីគម្រោងបច្ចុប្បន្នដែលនឹងអនុវត្តន៍ចប់ក្នុងពេលមួយឆ្នាំទៀត ខណៈនាពេលកន្លងមកធនាគារពិភពលោកតែងតែសហការគាំទ្រក្រសួងសុខាភិបាលតាមរយៈកិច្ចសហប្រតិបត្តិការលើគម្រោងអាហារូបត្ថម្ភ គម្រោងពង្រឹងប្រព័ន្ធអប់រំមុនពេលបម្រើការងារ។ល។ គោលបំណងនេះត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងារជាមួយលោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នារសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥។

លោកសាស្រ្តាចារ្យ ឈាង រ៉ា បានថ្លែងអំណរគុណធនាគារពិភពលោក ដែលបានសហការគាំទ្រក្រសួងសុខាភិបាល ចូលរួមចំណែកក្នុងការលើកកម្ពស់ប្រព័ន្ធថែទាំសុខភាពនៅកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការលើគម្រោងអាហារូបត្ថម្ភ គម្រោងពង្រឹងប្រព័ន្ធអប់រំមុនពេលបម្រើការងារ គម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខភាព ដំណាក់កាលទី២ និងគម្រោងឆ្លើយតបការរាតត្បាតនៃជំងឺកូវីដ-១៩។

ជាមួយគ្នានេះ លោកស្រី Tenia Meyer នាយិកាធនាគារពិភពលោកប្រចាំកម្ពុជា បានមានប្រសាសន៍ថា អាទិភាពរបស់ធនាគារពិភពលោកគឺស្របគ្នានឹងអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា សំដៅលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន ចូលរួមចំណែក ដើម្បីឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល។

លោកស្រីបន្ថែមថា ធនាគារពិភពលោក មានបំណងរៀបចំគម្រោងថ្មី ដើម្បីបន្តគាំទ្រវិស័យសុខាភិបាល ពីគម្រោងបច្ចុប្បន្នដែលនឹងអនុវត្តន៍ចប់ក្នុងពេលមួយឆ្នាំទៀត និងស្នើសុំអនុសាសន៍ណែនាំពីលោកសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល។

លោកសាស្រ្តាចារ្យ បានបញ្ជាក់ពីការងារអាទិភាពចម្បងដែលគួរបន្តខិតខំបន្ថែមគឺ ការបង្ការ និងការស្រាវជ្រាវរកជំងឺមហារីក ដើម្បីព្យាបាលឱ្យបានទាន់ពេល ជាមួយគ្នានេះ ការងារសុខភាពឌីជីថល ការចុះបញ្ជីអ្នកជំងឺតាមប្រព័ន្ធអេឡិចត្រូនិក ក៏មានសារ់សំខាន់និងបន្ទាន់ដែរ។ កិច្ចប្រជុំបានពិភាក្សាអំពីលទ្ធផលពិនិត្យឡើងវិញនៃការអនុវត្តការងារ កត្តាប្រឈម និងដំណោះស្រាយលើគម្រោងដែលកំពុងអនុត្តបច្ចុប្បន្ននេះផងដែរ។

លោកសាស្ត្រាចារ្យរដ្ឋរដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ថា ការចូលរួមចំណែករបស់ដៃគូអភិវឌ្ឍន៍ មានសារៈសំខាន់ក្រៃលែង ដើម្បីចូលរួមចំណែក សម្រេចបាននូវផែនការយុទ្ធសាស្ត្រសុខាភិបាល ក៏ដូចជាអាទិភាពសុខាភិបាល ដើម្បីឈានទៅរកការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល។

គួរបញ្ជាក់ថា នារសៀលថ្ងៃទី៨កក្កដានេះ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានទទួលជួបពិភាក្សាការងារ លើកិច្ចសហប្រតិបត្តិការអាទិភាពសុខាភិបាលចំពោះមុខ ជាមួយលោកស្រី Tenia Meyer នាយិកាធនាគារពិភពលោកប្រចាំកម្ពុជា និងលោកស្រី Caryn Bredenkamp នាយិកាផ្នែកសុខភាព និងអាហាររូបត្ថម្ភប្រចាំតំបន់អាស៊ីបូព៌ា នៃធនាគារពិភពលោក។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល៕


Khcct banner

អត្ថបទទាក់ទង