ភ្នំពេញ៖ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី ៨ កក្កដានេះ បានអះអាងថា រដ្ឋបាលគយប្រទេសចិនបានធ្វើបច្ចុប្បន្នភាពបញ្ជីរាយនាមចម្ការ និង រោងចក្រវេចខ្ចប់សម្រាប់ការនាំចេញផ្លែឈើកម្ពុជាទៅកាន់ប្រទេសចិន បញ្ជីរាយនាមត្រូវបានបន្ថែមជាមួយនឹងបញ្ជីឈ្មោះចម្ការ និងរោងចក្រវេចខ្ចប់សម្រាប់ការនាំចេញទុរេនស្រស់របស់កម្ពុជាទៅកាន់ប្រទេសចិន។លោកថា នេះមានន័យថា ទុរេនស្រស់របស់កម្ពុជាបានបញ្ចប់នីតិវិធីសម្រាប់ការនាំចេញទៅប្រទេសចិន ហើយអាចនាំចេញទៅប្រទេសចិនបាន។
បើតាមលោក វ៉ាង វិនពីន នេះជាកសិផលដែលមានគុណភាពខ្ពស់ដំបូងគេរបស់កម្ពុជាដែលត្រូវបានអនុញ្ញាតនាំចេញទៅកាន់ប្រទេសចិនក្នុងឆ្នាំ ២០២៥ និងជាសមិទ្ធផលថ្មីមួយទៀតនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងចិន-កម្ពុជាផងដែរ។ រហូតមកដល់បច្ចុប្បន្ននេះ កម្ពុជាមានផ្លែឈើចំនួន៥ប្រភេទដែលអាចនាំចេញទៅកាន់ប្រទេសចិន មានដូចជាចេក ស្វាយ មៀន ដូង និងធុរេន។