ទីក្រុងអូសាកា៖ អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជាបានជួបពិភាក្សាការងារជាមួយ ប្រធានផ្នែកកិច្ចសហប្រតិបត្តិការអន្តរជាតិនៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មប្រចាំទីក្រុងអូសាកា ក្នុងគោលបំណងពិភាក្សាអំពីលទ្ធភាពនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ។ កិច្ចពិភាក្សានេះត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី៨ ខែកក្កដានេះ ក្រោមវត្តមានរបស់លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងលោក Takayoshi Negoro ប្រធានផ្នែកកិច្ចសហប្រតិបត្តិការអន្តរជាតិនៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មប្រចាំទីក្រុងអូសាកា រួមទាំងភាគីពាក់ព័ន្ធជាច្រើនទៀត។
បើតាមសេចក្ដីជូនដំណឹងរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ឆ្លៀតឱកាសនៃបេសកកម្មគោះទ្វារវិនិយោគដែលសហការរៀបចំជាមួយមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន លោក សួន សុផល បានដឹកនាំសហការីជួបពិភាក្សាការងារជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មប្រចាំទីក្រុងអូសាកា។
នាឱកាសនេះ លោក Takayoshi Negoro បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញ, ទាក់ទាញ និងថែទាំវិនិយោគិនជប៉ុន ហើយលោករំពឹងថាផ្តើមចេញពីបេសកកម្មគោះទ្វារវិនិយោគនាវេលាដ៏មនោរម្យនេះ សមាជិកនៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មប្រចាំទីក្រុងអូសាកាកាន់តែច្រើននឹងទទួលបានព័ត៌មានស្តីពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា។
ជាមួយគ្នានេះ លោកក៏បានស្នើភាគីកម្ពុជាមេត្តាបន្តផ្សព្វផ្សាយអំពីវឌ្ឍនភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងបរិយាកាសវិនិយោគឱ្យបានជាប់ជាប្រចាំដើម្បីបញ្ជ្រាបការឈ្វេងយល់ឱ្យបានទូលំទូលាយទៅកាន់ស្រទាប់សហគមន៍ធុរកិច្ចជប៉ុន។
លោក សួន សុផល ក៏បានចែករំលែកអំពីសក្តានុពលវិជ្ជមានរបស់ព្រះរាជាណាចក្រកម្ពុជាមានជាអាទិ៍ (១) ស្ថិរភាពនយោបាយ (២) ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចដែលមានលំនឹងវិជ្ជមាន (៣) កម្លាំងពលកម្មវ័យក្មេងប្រកបដោយថាមវន្ត (៤) រាជរដ្ឋាភិបាលដែលគាំទ្រដល់វិស័យឯកជន (៥) របបវិនិយោគដែលមានភាពទាក់ទាញ និងអនុគ្រោះ និង (៦) កំណើនជាលំដាប់នៃប្រភពថាមពលកកើតឡើងវិញ។
លោក សួន សុផល បានបង្ហាញជំនឿចិត្តយ៉ាងមុតមាំថាសមភាគីនឹងជួយពាំនាំនូវសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជាទៅកាន់សមាជិករបស់ខ្លួនឱ្យបានទូលំទូលាយ និងស្នើអញ្ជើញគណៈប្រតិភូធុរកិច្ចនៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មប្រចាំទីក្រុងអូសាកាមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជានាពេលដ៏ខ្លីខាងមុខ៕