ភ្នំពេញ៖ កម្ពុជា និងសិង្ហបុរី នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្ដីពីការបង្ការ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដើម្បីបន្តពង្រឹងទំនាក់ទំនង និងសហប្រតិបត្តិការលើវិស័យសន្តិសុខ រវាងកងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ កម្ពុជា-សិង្ហបុរី។
ការចុះហត្ថលេខានេះ ធ្វើឡើងកំឡុងពេលលោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បំពេញទស្សនកិច្ចនៅសាធារណរដ្ឋសិង្ហបុរី ពីថ្ងៃទី៧ ដល់ទី៩ ខែកក្កដានេះ ដោយនៅថ្ងៃនេះបានចុះហត្ថលេខាជាមួយលោក K.Shanmugam រដ្ឋមន្រ្តីក្រសួងសម្របសម្រួលសន្តិសុខជាតិ និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃសិង្ហបុរី ស្ដីពីការបង្ការ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដើម្បីបន្តពង្រឹងទំនាក់ទំនង និងសហប្រតិបត្តិការលើវិស័យសន្តិសុខ រវាងកងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ កម្ពុជា-សិង្ហបុរី។
បើតាមលោក រ៉េន រតនៈ អ្នកនាំពាក្យលោក ស សុខា ឧបនាយករដ្ឋមន្រ្តី អនុស្សារណៈដែលចុះហត្ថលេខានេះ គឺជាទឡ្ហីករណ៍ថ្មីមួយទៀត បញ្ជាក់ពីការបន្តប្ដេជ្ញាចិត្តរវាងស្ថាប័នអនុវត្តច្បាប់នៃប្រទេសទាំងពីរ ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដែលជាបទល្មើសប្រឈមពាសពេញសកលលោក និងទាមទារឱ្យមានកិច្ចសហប្រតិបត្តិការជាក់ស្ដែងនិយមទាំងកម្រិតទ្វេភាគី និងពហុភាគី។
គួរបញ្ជាក់ថា ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងមហាផ្ទៃសិង្ហបុរី បានបង្កើតយន្តការសហប្រតិបត្តិការក្នុងការងារបង្ការ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន តាំងពីឆ្នាំ២០០៨ មកម្លេះ។ ឈរលើស្មារតីសហប្រតិបត្តិការនេះ ក្រសួងទាំងពីរ បានបង្ហាញឱ្យឃើញនូវការយកចិត្តទុកដាក់ខ្ពស់ ទាំងការផ្លាស់ប្ដូរព័ត៌មាន ការផ្លាស់ប្ដូរគណៈប្រតិភូគ្រប់កម្រិត ព្រមទាំងកិច្ចសហការស្រាវជ្រាវ និងចាប់ខ្លួនជនល្មើស៕