ភ្នំពេញ៖ ថវិកាប្រមាណជាង១០,៧ លានដុល្លារ ត្រូវបានរកឃើញថា ជាប្រាក់បៀវត្សដែលបានបើកលើសជូនដល់មន្ត្រីរាជការក្នុងរយៈពេល៣ឆ្នាំ គិតចាប់តាំងពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤។ ក្នុងនោះទឹកប្រាក់ជាង៩លានដុល្លារ ត្រូវបានបង្វែរចូលថវិការដ្ឋវិញ ហើយទឹកប្រាក់មិនទាន់បានបង្វែរចូលរដ្ឋមានប្រមាណជាង១,៥៥ លានដុល្លារ។នេះបើយោងតាមរបាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ(ACU) ចេញផ្សាយនាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥។
យោងតាមរបាយការណ៍ បានគូសបញ្ជាក់ថា ក្រសួងមុខងារសាធារណៈបានរកឃើញ បានបង្វែរ និង ជំរុញធ្វើការបង្វែរពីក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនូវប្រាក់បៀវត្សដែលបានបើកលើសចាប់ពីឆ្នាំ២០២២-២០២៤។ ក្នុងរយៈពេល៣ឆ្នាំនេះ ក្រសួងមុខងារសាធារណៈ បានរកឃើញប្រាក់បៀវត្សនៃក្រសួង ស្ថាប័នថ្នាក់ជាតិ ដែលបានបើកលើសមានចំនួនសរុប ១១,១០៥,១៣៩,៥៤៤ រៀល ក្នុងនោះបានប្រាក់ដែលបានបង្វែរចូលថវិការដ្ឋវិញមានចំនួន ៧,២៩១,២៧៩,៤០៦ រៀល ហើយប្រាក់មិនទាន់បានបង្វែរមានចំនួន ៣,៨១៣,៨៦០,១៣៨ រៀល។
បើតាមរបាយការណ៍ប្រាក់បៀវត្សនៃក្រសួង ស្ថាប័នថ្នាក់ក្រោមជាតិ ដែលបានបើកលើសរយៈពេល៣ឆ្នាំនេះមានចំនួនសរុប ៣២,០៥០,៨០០,៨៥៦ រៀល ក្នុងនោះប្រាក់ដែលបានបង្វែរចូលថវិការដ្ឋវិញមានចំនួន ២៩,៦៤៣,០១៤,៣២០ រៀល ហើយប្រាក់មិនទាន់បានបង្វែរមានចំនួន ២,៤០៧,៧៨៦,៥៣៦ រៀល។
ការបង្វែរប្រាក់បៀវត្សចូលថវិការដ្ឋវិញ ដោយពន្យល់ថា មកពីពេលបើកប្រាក់បៀវត្តពេលស្ថិតនៅក្នុងភាពទំណេរគ្មានបៀវត្ស ការចូលនិវត្តន៍មុនកាលកំណត់ ការលុបឈ្មោះដោយមរណភាព ការបញ្ចប់មុខដំណែង ការលាឈប់ពីក្របខណ្ឌ មន្រ្តីជាប់កិច្ចសន្យាទើបប្រឡងជាប់ក្របខណ្ឌរដ្ឋ ការទទួលប្រាក់បៀវត្សរដ្ឋ២កន្លែង៕